បណ្ដាមេដឹកនាំសហភាពអឺរ៉ុប អាល្លឺម៉ង់ និងចិន បានប្តូរវេនគ្នាការពារកិច្ចសហប្រតិបត្តិការជាសកលនៅទីក្រុង Davos និងព្រមានប្រឆាំងជម្លោះពាណិជ្ជកម្ម កាលពីថ្ងៃអង្គារ (២១ មករា) ខណៈទិដ្ឋភាពនៃសង្រ្គាមពាណិជ្ជកម្មថ្មីលេចឡើង បន្ទាប់ពីការវិលត្រឡប់របស់លោក Donald Trump ទៅកាន់សេតវិមាន។

នៅក្នុងសុន្ទរកថារបស់ខ្លួន ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ឧបនាយករដ្ឋមន្ត្រីចិន លោក Ding Xuexiang និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានផ្តល់ទស្សនៈវិស័យនៃពិភពលោកដ៏ស្ងប់ស្ងាត់ និងរួបរួម ដោយផ្ទុយពីលោក Trump ដែលស្រឡាញ់ការដំឡើងពន្ធ។

លោក Ding បានលើកឡើងដោយមិនបញ្ចេញឈ្មោះលោក Trump ដោយផ្ទាល់ថា៖ "ការគាំពារនិយមទៅណាមិនបានឆ្ងាយទេ ហើយពុំមានអ្នកឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មឡើយ"។ ទន្ទឹមនឹងនោះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Von der Leyen ក៏បាននិយាយផងដែរថា អឺរ៉ុប "ត្រូវតែចូលរួមក្នុងន័យស្ថាបនាជាមួយចិន" ទោះបីជាភាពតានតឹងពាណិជ្ជកម្មរវាងភាគីទាំងពីរកើនឡើងក៏ដោយ ហើយក៏ត្រៀមខ្លួនពិភាក្សាជាមួយលោក Trump។

លោក Trump កាលពីថ្ងៃអង្គារ បានប្តេជ្ញាដាក់ពន្ធលើសហភាពអឺរ៉ុប ហើយរដ្ឋបាលរបស់លោកកំពុងពិភាក្សាពីពន្ធ ១០% លើការនាំចូលរបស់ចិន ដោយនិយាយថាព្រោះតែសារធាតុហ្វង់តានីល ត្រូវបានបញ្ជូនពីចិន ទៅកាន់អាមេរិក តាមរយៈម៉ិកស៊ិក និងកាណាដា៕
