ប៉ូឡូញ៖ ភាពតានតឹងកំពុងកើនឡើងនៅតាមព្រំដែនរវាងប្រទេសប៉ូឡូញ និងបេឡារុស បន្ទាប់ពីក្រុមមន្ត្រីប៉ូឡូញបានចោទប្រកាន់ប្រទេសជិតខាងរបស់ពួកគេជាថ្មីទៀតថា បានជួយផ្លាស់ទីជនអន្តោប្រវេសន៍ទៅកាន់ព្រំដែន ហើយបានព្រមានថានឹងចល័តបុគ្គលិកយោធារាប់ពាន់នាក់បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការប្រឈមមុខដាក់គ្នា។

ក្នុងវិបត្តិជនអន្តោប្រវេសន៍រយៈពេលមួយសប្ដាហ៍ចុងក្រោយនៅព្រំដែន ប្រធានឆ្មាំព្រំដែនប៉ូឡូញបាននិយាយថា ក្រុមមនុស្សកំពុងប៉ុនប៉ងបំពានព្រំដែនកាលពីល្ងាចថ្ងៃចន្ទ។ លោកស្រី Ewelina Szczepańska បាននិយាយថា ស្ថានភាពនៅព្រំដែនមានភាពលំបាក។ ក្រុមជនអន្តោប្រវេសន៍ជាច្រើនត្រូវបានគេដឹកនាំទៅកាន់ព្រំដែន។ ការប៉ុនប៉ងនានាកំពុងត្រូវបានធ្វើឡើងក្នុងបំណងឆ្លងកាត់ព្រំដែន ដោយបន្ថែមថា លោកស្រីជឿជាក់ថា កងកម្លាំងប៉ូឡូញអាចដោះស្រាយស្ថានការណ៍នេះបាន។ ក្រសួងការពារជាតិប៉ូឡូញបាននិយាយកាលពីថ្ងៃចន្ទនៅលើបណ្ដាញសង្គម Twitter ថា បច្ចុប្បន្នក្រុមជនអន្តោប្រវេសន៍បានស្នាក់នៅជិតតំបន់ Kuznica របស់ប៉ូឡូញ។ ក្រុមជនអន្តោប្រវេសន៍រាប់រយនាក់បានព្យាយាមឆ្លងព្រំដែន ពីប្រទេសបេឡារុសចូលទៅក្នុងប្រទេសប៉ូឡូញកាលពីថ្ងៃចន្ទ ដោយកាត់ផ្ដាច់របងបន្លាលួស និងប្រើរបស់ផ្សេងៗដើម្បីព្យាយាមឡើងលើរបងទាំងនោះ។ វីដេអូបង្ហាញពីមន្ត្រីប្រដាប់អាវុធប៉ូឡូញកំពុងប្រើផ្សែងគីមីលើក្រុមបុរសដែលព្យាយាមកាត់បន្លាលួស។ ហើយជនអន្តោប្រវេសន៍បានគប់វត្ថុផ្សេងៗលើនគរបាល។
ក្រុមជនអន្តោប្រវេសន៍ដ៏ច្រើនទាំងនោះត្រូវគេរាយការណ៍ថា កំពុងព្យាយាមធ្វើដំណើរចូលទៅកាន់សហភាពអឺរ៉ុប។ ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃជនអន្តោប្រវេសន៍នៅតាមព្រំដែន បានលេចចេញជាសញ្ញាបង្ហាញពីការកើនឡើងនៃវិបត្តិ ដែលកំពុងអូសបន្លាយអស់ជាច្រើនខែ ដែលប្រទេសបេឡារុស្សបានជំរុញជនអន្តោប្រវេសន៍មកពីមជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀតឱ្យចូលសហភាពអឺរ៉ុបដោយខុសច្បាប់ ដែលដំបូងឡើយពួកគេឆ្លងកាត់ប្រទេសលីទុយអានី និងឡាតវី ហើយឥឡូវនេះគឺប៉ូឡូញ៕
អត្ថបទ៖ សុខមាន