ក្រុមសកម្មជនបរិស្ថាន Greenpeace បានធ្វើបាតុកម្មរយៈពេលខ្លីទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ នៅខាងក្រៅសាលធំនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ឬហៅថា WEF កាលពីថ្ងៃអង្គារ (២១ មករា) ខណៈបណ្ដាមេដឹកនាំធុរកិច្ច និងនយោបាយ បានប្រមូលផ្តុំគ្នាសម្រាប់ព្រឹត្តិការណ៍ក្នុងសប្តាហ៍នេះនៅទីក្រុង Davos ប្រទេសស្វីស។

ដោយស្លៀកពាក់ឈុតខ្មៅ និងអាវពណ៌ស អ្នកតវ៉ាជាច្រើនបានសម្រុកចូលទៅក្នុងមជ្ឈមណ្ឌលសភាពាណិជ្ជកម្ម ដោយលើកបដាដ៏ធំមួយដែលសរសេរថា "យកពន្ធលើអ្នកមាន ហើយផ្តល់មូលនិធិដល់អនាគតដ៏ត្រឹមត្រូវ និងបៃតង"។

បុគ្គលិកសន្តិសុខបានធ្វើអន្តរាគមន៍ និងនាំក្រុមបាតុករចេញ ភ្លាមៗមុនពេលពិធីបើកជាផ្លូវការ និងសុន្ទរកថារបស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen។ ប្រភពដែលដឹងពីស្ថានការណ៍បាននិយាយថាមិនមានការគំរាមកំហែងផ្នែកសន្តិសុខពីការតវ៉ានោះទេ។
សារក្នុងការតវ៉ានៅថ្ងៃអង្គារទៅកាន់មេដឹកនាំធុរកិច្ច និងនយោបាយដែលចូលរួមកិច្ចប្រជុំក្នុងប្រទេសស្វីសនោះ បានជំរុញបន្ថែមពីលើការតវ៉ាជាច្រើនផ្សេងទៀតនៅទីក្រុង Davos ទាក់ទងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុដ៏អាក្រក់៕