លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងបំផ្លាញរុស្ស៊ី ដោយសារតែបដិសេធមិនចរចាបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន។

លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅពេលត្រឡប់ទៅការិយាល័យប្រធានាធិបតីថាលោកគួរតែធ្វើកិច្ចព្រមព្រៀងមួយ។ លោកគិតថាមេដឹកនាំរុស្ស៊ីកំពុងបំផ្លាញប្រទេសរុស្ស៊ីដោយសារមិនធ្វើកិច្ចព្រមព្រៀង។លោកគិតថារុស្ស៊ីនឹងជួបបញ្ហាធំ។

លោក Trump ក៏បានបង្ហាញពីផែនការជួបលោក Putinផងដែរ ដោយកត់សម្គាល់ពីកិច្ចប្រជុំកំពូលកន្លងទៅរបស់លោកទាំង២ក្នុងអំឡុងអាណត្តិដំបូងរបស់លោក ដែលបានទាក់ទាញការរិះគន់បន្ទាប់ពីលោកTrump ហាក់ដូចជាទទួលយកការអះអាងរបស់លោក Putin ជុំវិញចារកម្មសម្ងាត់របស់សហរដ្ឋអាមេរិក។

ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិករូបនេះបាននិយាយថា លោកមានការប្រាស្រ័យទាក់ទងជាមួយលោកPutin ល្អជាធម្មតា។លោកសង្ឃឹមថា លោកចង់ធ្វើកិច្ចព្រមព្រៀងមួយ។
លោកក៏បានកត់សម្គាល់ពីភាពតានតឹងលើសេដ្ឋកិច្ចរបស់រុស្ស៊ី រួមទាំងផលប៉ះពាល់នៃអតិផរណាផងដែរ ដោយសារតែការដាក់ទណ្ឌកម្មលើរុស្ស៊ី។ លោកថា លោកនឹងដាក់ទណ្ឌកម្មថែមទៀត លើរុស្ស៊ី បើមិនព្រមចរចាបញ្ចប់សង្រ្គាមអ៊ុយក្រែនទេនោះ។
លោក Trump បានអះអាងថាប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelensky ក៏ចាប់អារម្មណ៍ក្នុងការចរចាសន្តិភាពដូចគ្នាដែរ។
លោកបាននិយាយថា លោក Zelensky ចង់ធ្វើកិច្ចព្រមព្រៀងមួយ ទោះរូបលោកធ្លាប់បានរិះគន់កាលពីកន្លងទៅ លើមេដឹកនាំអ៊ុយក្រែនក៏ដោយ៕