ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum Annual Meeting 2025) ក្រោមប្រធានបទ "កិច្ចសហការសម្រាប់យុគសម័យឆ្លាតវៃ" (Collaboration for The Intelligent Age) ដែលប្រព្រឹត្តទៅនៅក្នុងទីក្រុងដាវ៉ូស ប្រទេសស្វីស ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។
ក្នុងឱកាសចូលរួមកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ឯកឧត្តមមានជំនួបពិភាក្សាការងារជាបន្តបន្ទាប់ជាមួយបណ្ដាប្រទេសជាមិត្ត និងអ្នកវិនិយោគបរទេស ក្នុងនោះរួមមាន៖
• ជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន
• ជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Maris Sangiampongsa រដ្ឋមន្ត្រីក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃ
• ជំនួបពិភាក្សាការងារជាមួយ លោក Tony Fernandes នាយកប្រតិបត្តិ ក្រុមហ៊ុន Air Asia
• ជំនួបពិភាក្សាការងារជាមួយលោក Tan Yinglan ដៃគូគ្រប់គ្រងបង្កើត ក្រុមហ៊ុន Insignia Ventures Partners ជុំវិញសក្តានុពលនៃការវិនិយោគនៅកម្ពុជា
• ជំនួបពិភាក្សាការងារជាមួយលោក Ricardo Hausmann សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ច នៃសាលា Harvard Kennedy ពាក់ព័ន្ធនឹងគម្រោងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ដើម្បីសហការជាមួយ CAPRED និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកិច្ចការពិពិធកម្មការវិនិយោគដោយផ្ទាល់ពីបរទេស។
ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៥នេះ វេទិកាសេដ្ឋកិច្ចពិភពលោកនឹងពិភាក្សាលើប្រធានបទ កិច្ចសហការសម្រាប់យុគសម័យឆ្លាតវៃ “Collaboration for the Intelligent Age” ដែលមានការចូលរួមពីថ្នាក់ដឹកនាំប្រមាណ ៣០០០នាក់ ពីជាង ១៣០ប្រទេសនៅទូទាំងពិភពលោក។
សូមជម្រាបដែរថា វេទិកាសេដ្ឋកិច្ចពិភពលលោក ដែលរៀបចំឡើងក្នុងឆ្នាំ២០២៥ នេះ នឹងជួយជំរុញភាពជាដៃគូ និងការយល់ដឹងថ្មីៗ ដើម្បីអាចរៀបចំផែនការទៅថ្ងៃអនាគតបានប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាមានភាពជឿនលឿនយ៉ាងឆាប់រហ័ស ដោយផ្តោតលើផ្នែកសំខាន់ៗចំនួន ០៥ រួមមាន ៖ (១) ការប្រមើមើលឡើងវិញនូវកំណើន (Reimagining Growth), (២) ឧស្សាហកម្មក្នុងយុគសម័យឆ្លាតវៃ (Industries in the Intelligent Age), (៣) ការវិនិយោគលើមូលធនមនុស្ស (Investing in People), (៤) ការការពារភពផែនដី (Safeguarding the Planet), និង (៥) ការកសាងទំនុកចិត្តឡើងវិញ (Rebuilding Trust )៕





