អ្នកគាំទ្ររាប់រយនាក់របស់លោក Donald Trump ដែលត្រូវបានកាត់ទោសជាប់ពន្ធនាគារពីបទចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ លើវិមានកាពីតូលរបស់សហរដ្ឋអាមេរិក ត្រូវបានដោះលែងកាលពីថ្ងៃអង្គារ (២១ មករា) បន្ទាប់ពីប្រធានាធិបតីថ្មីរូបនេះបានលើកលែងទោសឱ្យមនុស្សប្រមាណ ១.៥០០នាក់ រួមទាំងអ្នកខ្លះដែលបានវាយដំមន្ត្រីនគរបាលក្នុងពេលកុបកម្ម។

ការិយាល័យពន្ធនាគារសហព័ន្ធនិយាយថា មនុស្ស ២១១នាក់ ត្រូវបានដោះលែងពីពន្ធនាគារសហព័ន្ធតាមបញ្ជារបស់លោក Trump ។ ការលើកលែងទោសដ៏ច្រើនសន្ធឹកសន្ធាប់របស់លោក Trump បានទាក់ទាញការរិះគន់ពីនគរបាល ក្រុមគ្រួសារជនរងគ្រោះ និងសមាជិកសភា រួមទាំងសមាជិកបក្សសាធារណរដ្ឋមួយចំនួនរបស់ប្រធានាធិបតីរូបនេះផងដែរ។

ការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos ដែលបញ្ចប់កាលពីថ្ងៃអង្គារ បានរកឃើញថា ជនជាតិអាមេរិកភាគច្រើនមិនយល់ស្របចំពោះការសម្រេចចិត្តលើកលែងទោសរបស់លោក Trump ទេ។

វិធានការនេះបានបំពេញតាមសន្យារបស់លោក Trump ក្នុងការជួយអ្នកគាំទ្រដែលត្រូវចោទប្រកាន់ ហើយក្នុងករណីជាច្រើន ត្រូវជាប់ពន្ធនាគារសម្រាប់ឧក្រិដ្ឋកម្មប្រព្រឹត្តក្នុងអំឡុងពេលកុបកម្មវិមានកាពីតូល ដែលជាការប៉ុនប៉ងបរាជ័យដើម្បីបញ្ឈប់សភាមិនឱ្យបញ្ជាក់ជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២០ របស់បេក្ខជនបក្សប្រជាធិបតេយ្យនៅពេលនោះគឺលោក Joe Biden៕