ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី២១ ខែមករា បានប្រកាសការវិនិយោគលើវិស័យឯកជនរហូតដល់៥០០ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត(AI)។

ក្រុមហ៊ុន OpenAI, SoftBank និងក្រុមហ៊ុន Oracle មានផែនការបណ្តាក់ទុនរួមគ្នាដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ ហៅថា Stargate និងបានសន្យាទឹកប្រាក់១០០ពាន់លានដុល្លារដំបូង ហើយបន្ទាប់មករហូតដល់៥០០ពាន់លានដុល្លារសម្រាប់ Stargate ក្នុងរយៈពេល ៤ឆ្នាំ ខាងមុខ។

នាយកប្រតិបត្តិ SoftBank លោក Masayoshi Son លោកSam Altman របស់ក្រុមហ៊ុនOpenAI និងលោកLarry Ellison មកពីក្រុមហ៊ុនOracle បានចូលរួមជាមួយ លោក Trump នៅសេតវិមានសម្រាប់ការចាប់ផ្តើមនេះ។
សេចក្តីប្រកាសនៅថ្ងៃទីពីររបស់លោក Trump ក្នុងការចូលកាន់តំណែង ធ្វើឡើងបន្ទាប់ពីការដកក្រឹត្យរបស់អតីតប្រធានាធិបតី លោក Joe Biden ស្តីពីបញ្ញាសិប្បនិម្មិត(AI) ដែលមានបំណងកាត់បន្ថយហានិភ័យ បង្កឡើងដោយបញ្ញាសិប្បនិម្មិតចំពោះអ្នកប្រើប្រាស់ បុគ្គលិក និងសន្តិសុខជាតិ។