ជនអន្តោប្រវេសន៍នៅភាគខាងជើងនិងភាគខាងត្បូងប្រទេសម៉ិកស៊ិក បានថ្លឹងថ្លែងពីជម្រើសរបស់ពួកគេ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានលុបចោលការណាត់ជួបស្នើសុំសិទ្ធិជ្រកកោន តាមរយៈកម្មវិធី CBP One ។

ទោះបីជាអាកាសធាតុត្រជាក់ខ្លាំងប្រហែលសូន្យអង្សារសេ កាលពីថ្ងៃអង្គារ ទី២១ ខែមករា ជនអន្តោប្រវេសន៍មួយក្រុម បានរង់ចាំនៅខាងក្រៅការិយាល័យវិទ្យាស្ថានអន្តោប្រវេសន៍ម៉ិកស៊ិក (INM) ដោយសង្ឃឹមថា ការណាត់ជួបតាមកម្មវិធី CBP One របស់ពួកគេ នឹងត្រូវបានគោរពតាម។
ជនអន្តោប្រវេសន៍វេណេស៊ុយអេឡា លោក Nelson Roa បាននិយាយថា «ខ្ញុំមិនចង់ ចូលទៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ទេ ខ្ញុំនឹងបន្តធ្វើការនៅប្រទេសម៉ិកស៊ិក ដើម្បីទ្រទ្រង់ខ្លួនឯង» ដោយបានបញ្ជាក់ថា លោកនឹងស្វែងរកមធ្យោបាយផ្សេងទៀតដើម្បីចូលសហរដ្ឋអាមេរិកដោយស្របច្បាប់។

នៅទីក្រុង Tapachula ភាគខាងត្បូងប្រទេសម៉ិកស៊ិក ជនអន្តោប្រវេសន៍បាននិយាយទៅកាន់ភ្នាក់ងារវិទ្យាស្ថានអន្តោប្រវេសន៍ម៉ិកស៊ិក (INM) ថា ជនអន្តោប្រវេសន៍ជាច្រើនដែលមានការណាត់ជួបតាមកម្មវិធី CBP One បានស្នើសុំសុវត្ថិភាពសម្រាប់ការឆ្លងកាត់ប្រទេស។
ប្រធានាធិបតីម៉ិកស៊ិក លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) បាននិយាយថា រដ្ឋាភិបាលរបស់លោកស្រី កំពុងណែនាំជនអន្តោប្រវេសន៍ឱ្យត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។