ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យសហភាពអឺរ៉ុប ធ្វើខ្លួនជាអ្នកមានតួនាទីសកលដ៏រឹងមាំ ដោយនិយាយថា វាត្រូវការដើម្បីអាចធានាបានសន្តិភាព និងសន្តិសុខសម្រាប់ខ្លួនឯង និងសម្រាប់អ្នកដទៃ។

លោក Zelenskiy បាននិយាយទៅកាន់គណៈប្រតិភូនៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីសថា «ទោះបីជាសក្តានុពលសេដ្ឋកិច្ចទាំងមូលរបស់រុស្ស៊ី មានទំហំតូចជាងអឺរ៉ុប ក៏ដោយ ក៏ប្រទេសនេះផលិតគ្រាប់រំសេវ និងយុទ្ធោបករណ៍ច្រើនដងជាងអឺរ៉ុប»។
លោកបាននិយាយថា អឺរ៉ុប មានឥទ្ធិពលតិចជាងទីក្រុងវ៉ាស៊ីនតោន ដោយសារតែសហរដ្ឋអាមេរិកបានចាត់ទុកការរួមចំណែករបស់សម្ព័ន្ធមិត្តខ្លួន ចំពោះសន្តិសុខថា ខ្វះខាត។
លោក Zelenskiy និយាយថា «តើនរណាម្នាក់នៅក្នុងសហរដ្ឋអាមេរិក ព្រួយបារម្ភថាអឺរ៉ុបអាចនឹងបោះបង់ចោលពួកគេនៅថ្ងៃណាមួយ អាចឈប់ធ្វើជាសម្ព័ន្ធមិត្តរបស់ពួកគេ? ចម្លើយគឺទេ។
លោក Zelenskiy បញ្ជាក់ថា អ៊ុយក្រែននឹងមិនយល់ព្រមចំពោះការទាមទាររបស់រុស្ស៊ី ដែលថាខ្លួនកាត់បន្ថយទំហំយោធាយ៉ាងច្រើន ដោយព្យាករណ៍ថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងទាមទារឱ្យអ៊ុយក្រែនកាត់បន្ថយទំហំយោធារបស់ខ្លួន ដល់មួយភាគប្រាំនៃទំហំរបស់រុស្ស៊ី។
លោក Zelenskiy និយាយថា យើងនឹងមិនអនុញ្ញាតឱ្យរឿងនេះកើតឡើងឡើយ។