កងទ័ពសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យពលរដ្ឋ រក្សាភាពស្ងប់ស្ងាត់ចំពោះមុខការរុលចូលនាពេលថ្មីៗនេះដោយក្រុមឧទ្ទាមចលនា២៣មីនា ឬM23 នៅក្នុងខេត្ត North Kivu ភាគខាងកើត ។

ឧត្តមសេនីយ Sylvain Ekenge អ្នកនាំពាក្យកងទ័ព បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការប្រយុទ្ធប្រឆាំងក្រុម M23 នៅតែបន្តលើគ្រប់សមរភូមិទាំងអស់។
សេចក្តីថ្លែងការណ៍បាននិយាយថា «វិធានការទាំងអស់ កំពុងត្រូវបានអនុវត្ត ដើម្បីរារាំងអ្នកឈ្លានពាន និងស្ដារសន្តិភាពឡើងវិញនៅតំបន់ភាគខាងកើតប្រទេសរបស់យើង»។

ស្ថានភាពនៅភាគខាងកើតប្រទេសកុងហ្គោ កាន់តែយ៉ាប់យ៉ឺនខ្លាំងឡើង ដែលបានបង្ហាញដោយការកើនឡើងនៃជម្លោះពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធផ្សេងៗ ជាពិសេសក្រុម M23 និងកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត។
ជម្លោះដែលនៅតែបន្ត ធ្វើឲ្យស្ថានភាពមនុស្សធម៌នៅក្នុងតំបន់កាន់តែធ្លាក់ចុះធ្ងន់ធ្ងរ ដោយបានជម្លៀសមនុស្សជាង ៧ លាននាក់ចេញ។
យោងតាមអង្គការសហប្រជាជាតិ បានឱ្យដឹងថា មនុស្សប្រហែល២៣៧.០០០នាក់ ត្រូវបានបង្ខំឱ្យបោះបង់ចោលលំនៅឋានរបស់ពួកគេ ចាប់តាំងពីដើមឆ្នាំ ២០២៥នេះ។