ឈានចូលមកដល់រដូវកាលចូលឆ្នាំចិន ក្រុមម៉ុងសាយនីមួយៗ ចាប់ផ្ដើមមមាញឹកជាខ្លាំង ទាំងការហ្វឹកហាត់ ក៏ដូចជាការចេញសម្ដែងជូនអតិថិជន ដែលមានតម្រូវការ ពិសេសក្នុងការសម្ពោធហាងនានា។ ការហ្វឹកហាត់តែងធ្វើឡើងរៀងរាល់ថ្ងៃ រីឯការចេញសម្ដែងក៏មានស្ទើរាល់ថ្ងៃផងដែរ។

ឈានចូលដល់រយៈពេលប្រមាណ ១សប្ដាហ៍មុន ពិធីបុណ្យសែនចូលឆ្នាំចិនចូលមកដលល់ ក្រុមម៉ុងសាយនីមួយៗកំពុងបន្តហ្វឹកហាត់ជារៀងរាល់ល្ងាច នូវក្បាច់ទម្រង់សម្ដែងនានាទាំងការហក់លោត ការឡើងលើបង្គោលជាដើម។ ការហាត់សមនេះ ត្រូវធ្វើឡើងមុនជាច្រើនខែ ដើម្បីរម្លឹក ក៏ដូចជាធ្វើឱ្យភាពស្ទាត់រស់រវើកឡើងវិញ ទោះពួកគេនីមួយៗសុទ្ធតែចេះសម្ដែងស្រាប់យ៉ាងណាក្ដី។
សម្រាប់ក្រុមម៉ុងសាយ សមាគម កតញ្ញូ នៅវិហារលោកតាព្រះចៅ ស្ថិតក្នុងខណ្ឌច្បារអំពៅ បានប្រមូលកម្លាំងហ្វឹកហាត់រយៈពេលប្រមាណ ៦ខែរួចមកហើយ។ នេះជាការលើកឡើងរបស់លោក សូវ ប៊ុនទ្រី ដែលជាប្រធានសមាគមក្រុមម៉ុងសាយ កតញ្ញូ។ លោកថាវាជាភាពចាំបាច់ ដែលត្រូវហ្វឹកហាត់ក្នុងរយៈពេលយូរបែបនេះ និងត្រូវភ្ជាប់ជាមួយការសែនព្រេនម៉ុងសាយ មុនចេញសម្ដែងជាផ្លូវការ។ លោកថាទន្ទឹមនឹងការហ្វឹកហាត់ជារៀងរាល់ថ្ងៃនេះ ក្រុមម៉ុងសាយរបស់លោក ក៏ទទួលបានការអញ្ជើញទៅសម្ដែងស្ទើររាល់ថ្ងៃផងដែរ មុនចូលឆ្នាំចិនចូលមកដលល់ ពិសេសក្នុងការសម្ពោធហាងជាដើម។ លោកលើកឡើងដែរថា ការសម្ដែងមានច្រើនក្បាច់ ច្រើនទម្រង់ និងអាចប្រើប្រាស់ពេលវាលាតិចច្រើនផ្សេងៗគ្នា។

ក្នុងនាមជាប្រធានសមាគម ក្រុមម៉ុងសាយ កតញ្ញូ លោក ប៊ុនទ្រី លើកឡើងដែរថា តាមជំនឿ ការសម្ដែងឡកម៉ុងសាយនេះ គឺអាចនាំមកនូវលាភសំណាងជូនម្ចាស់ផ្ទះ ម្ចាស់ហាង់ ក៏ដូចជាអាចបណ្ដេញចេញនូវភាពចង្រៃនានាចេញឱ្យឆ្ងាយផងដែរ។
តាមប្រតិទិន ថ្ងៃសែនចូលឆ្នាំចិន គឺនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៥។ រីឯថ្ងៃចូលឆ្នាំចិន មានរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ២៩ ថ្ងៃទី ៣០ និងថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥។ ពិធីបុណ្យចូលឆ្នាំចិន ពុំមែនជាបុណ្យជាតិ ដែលអនុញ្ញាតឱ្យមានការឈប់សម្រាកនោះទេ៕ អត្ថបទ៖គឹម ហុក




