រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ (Marco Rubio) ដែលចូលកាន់តំណែងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីលោក Donald Trump ចូលកាន់តំណែងអាណត្តិទីពីរ បានជួបតំណាងមកពីក្រុមប្រទេសដៃគូកិច្ចសន្ទនាសន្តិសុខ៤ប្រទេសហៅកាត់ថា ខ្វដ(Quad) រួមមាន អូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក ដែលព្រួយបារម្ភពីការកើនឡើងឥទ្ធិពលរបស់ប្រទេសចិន នៅក្រសួងការបរទេសអាមេរិកកាលពីថ្ងៃអង្គារ ២១ មករា។

ក្រុមអ្នកវិភាគបាននិយាយថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញសញ្ញាថាការប្រឆាំងទីក្រុងប៉េកាំងគឺជាអាទិភាពកំពូលសម្រាប់ប្រធានាធិបតីថ្មី ទោះលោក Trump បានគ្រោងបន្ថែមដំឡើងពន្ធលើប្រទេសចិនដោយមិននឹកស្មានដល់នៅថ្ងៃដំបូងដែលលោកវិលត្រលប់ទៅដឹកនាំសេតវិមានវិញ ហើយមិនបានកំណត់ថាជាការគំរាមកំហែងនោះទេ ដោយលើកឡើងពីការរំពឹងទុកនៃទំនាក់ទំនងរវាងគូប្រជែងទាំង២។

ក្រុមមន្ត្រីមកពីរដ្ឋបាលលោក Trump កំពុងសម្របសម្រួលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមួយផ្សេងទៀតនៅឯសេតវិមាន នេះបើយោងតាមប្រភពពាក់ព័ន្ធនៅក្នុងផែនការនេះ។
ប្រភពបានបន្ថែមថា ការជួបជុំគ្នាដែលបានគ្រោងទុកអាចត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលដំបូងរបស់មេដឹកនាំប្រទេសខ្វដ(Quad)អំឡុងពេលកាន់តំណែងជាប្រធានាធិបតីរបស់លោក Trump ។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong ដែលបានជួបសមភាគីឥណ្ឌា និងជប៉ុននៅទីក្រុងវ៉ាស៊ីនតោន កាលពីចុងសប្តាហ៍មុន បាននិយាយថា ការអញ្ជើញរដ្ឋមន្ត្រីការបរទេសក្រុមខ្វដ ចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក Trump បង្ហាញពីការយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ប្រទេសចិនបានរិះគន់ក្រុមប្រទេសខ្វដ ថាជាការបង្កើតសង្គ្រាមត្រជាក់ ហើយនិយាយថាសម្ព័ន្ធមិត្ត អូគើស (AUKUS) នឹងបង្កើនការរត់ប្រណាំងអាវុធក្នុងតំបន់៕