ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអង្គារ (២១ មករា) ថា យ៉ាងហោចណាស់កងរក្សាសន្តិភាពអឺរ៉ុប ២០០.០០០នាក់ នឹងត្រូវការចាំបាច់ដើម្បីទប់ស្កាត់ការវាយប្រហារថ្មីរបស់រុស្ស៊ី បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយ។

មេដឹកនាំអ៊ុយក្រែនរូបនេះបាននិយាយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos ប្រទេសស្វីស មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump វិលត្រឡប់ទៅកាន់អំណាចវិញក្រោយការសន្យាជាច្រើនខែថានឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស។ ពេលនេះទីក្រុងគីវ និងអឺរ៉ុប ផ្ដោតលើតម្រូវការបន្ទាន់សម្រាប់ការធានាសន្តិសុខ ជាមួយនឹងគំនិតនៃកងកម្លាំងរក្សាសន្តិភាព។

នៅពេលត្រូវសាកសួរពីក្រុមរក្សាសន្តិភាពដើម្បីរារាំងការវាយប្រហារណាមួយនាពេលអនាគតរបស់រុស្ស៊ីនោះ លោក Zelenskiy បាននិយាយ "ពីអឺរ៉ុបទាំងអស់គឺប្រហែល ២០០.០០០នាក់។ នេះជាតួលេខអប្បបរមាប៉ុណ្ណោះ បើមិនដូច្នេះទេគឺស្មើនឹងគ្មានអ្វីសោះ"។

ចំនួននោះគឺស្មើនឹងទំហំនៃកងកម្លាំងប្រដាប់អាវុធបារាំងទាំងមូលដែលត្រូវបានប៉ាន់ប្រមាណថាមានត្រឹមតែជាង ២០០.០០០នាក់ ដោយក្រសួងការពារជាតិបារាំង ក្នុងឆ្នាំ២០២០។ លោក Zelenskiy បញ្ជាក់ថា តួលេខនោះជាចំនួនដែលត្រូវការដើម្បីធានាសន្តិសុខ ក្នុងករណីដែលកងកម្លាំងប្រដាប់អាវុធរុស្ស៊ី មានបុគ្គលិកសរុបរហូតដល់ ១,៥លាននាក់ ចំណែកអ៊ុយក្រែនមានត្រឹមតែពាក់កណ្តាលនៃចំនួននោះប៉ុណ្ណោះ៕