កណ្ដាល ៖ បន្ទាប់ពីសម្តេចតេជោ អនុញ្ញាតអោយរៀបចំពិធីមង្គលការឡើងវិញ ដោយកំណត់ភ្ញៀវ ចូលរួមច្រើនបំផុតត្រឹម២០០នាក់ នៅថ្ងៃទី៩ ខែវិច្ឆិកានេះ មានពលរដ្ឋមួយចំនួន ចាប់ផ្តើមស្នើសុំច្បាប់ពីអាជ្ញាធរដើម្បីរៀបចំពិធីមង្គលការ និងបុណ្យនានាជាបន្តបន្ទាប់ ក្នុងគន្លងប្រក្រតីភាពថ្មី។
បើតាមចៅសង្កាត់ចាក់អង្រែក្រោម នៅរាជធានីភ្នំពេញ និងចៅសង្កាត់ព្រែកឬស្សីនៅក្នុងក្រុងតាខ្មៅខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី៩ ខែវិច្ឆិកានេះថា បន្ទាប់ពីរាជរដ្ឋាភិបាលអនុញ្ញាតឲ្យពលរដ្ឋអាចរៀបចំពិធីមង្គលការ និងបុណ្យទានផ្សេងៗ កាលពីថ្ងៃទី១ ខែវិច្ឆិកា រហូតមកដល់ពេលនេះ គឺមានបណ្តាពលរដ្ឋជាច្រើននៅក្នុងមូលដ្ឋានបានមកឃុំសង្កាត់ ស្នើសុំច្បាប់អនុញ្ញាតរៀបចំពិធីមង្គលការ និងបុណ្យទៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ១៩។
ក្នុងអំឡុងពេលពលរដ្ឋមកស្នើសុំច្បាប់អនុញ្ញាតរៀបចំពិធីមង្គលការ បុណ្យទានផ្សេងៗនោះ លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម និងអាជ្ញាធរឃុំសង្កាត់ផ្សេងទៀតនៅក្រុងតាខ្មៅ បានផ្តល់ណែនាំច្រើនជូនទៅម្ចាស់កម្មវិធី ពិសេសត្រូវផ្តល់កិច្ចសហការអនុវត្តវិធាន ៣កុំ ៣ការពារ និងអនុវត្តតាមកិច្ចសន្យា ដោយបានកំណត់មិនអោយភ្ញៀវចូលរួមលើពី២០០នាក់ជាដើម ហើយត្រូវប្រកាន់ខ្ជាប់វិធាន៣កុំ៣ការពារ។
ទោះយ៉ាងណាក៏ដោយ បណ្តាពលរដ្ឋ ក៏សូមថ្លែងអំណរគុណដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានអនុញ្ញាតការរៀបចំពិធីមង្គលការ បុណ្យទាននានានេះ ខណៈគម្រោងផែនការរៀបចំពិធីមង្គលការ បុណ្យនោះ ត្រូវបានអាក់ខាន និងបានលើកពេលរៀបចំច្រើនលើកច្រើនសារមកហើយ ដោយសារបញ្ហាវិបត្តិមេរោគកូវីដ១៩។
សូមបញ្ជាក់ថា នៅខណៈដែលប្រមុខរាជរដ្ឋាភិបាល បានប្រកាសអនុញ្ញាតរៀបចំមង្គលការ និងបុណ្យទាននានានោះ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីសម្រេចអនុញ្ញាតរៀបចំពិធីមង្គលការ បុណ្យទាននានា ដោយកំណត់ភ្ញៀវចូលរួមត្រឹម២០០នាក់ ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។
ក្នុងប្រការ៣នៃសេចក្តីសម្រេចនោះ គឺបានប្រគល់ភារកិច្ចជូនរដ្ឋបាលខ័ណ្ឌ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរសុខាភិបាល សហការចុះត្រួតពិនិត្យទីតាំងប្រារព្ធពិធីនោះ ដែនសមត្ថកិច្ច ដើម្បីតាមដាន និងណែនាំម្ចាស់កម្មវិធីអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារស្តីពីការរៀបចំអាពាហ៍ពិពាហ៍ និងពិធីបុណ្យនានាតាមគន្លងប្រក្រតីភាពថ្មី SOP ។
ក្នុងករណីពិនិត្យឃើញថា ម្ចាស់កម្មវិធីមិនព្រមផ្តល់កិច្ចសហការ ឬអនុវត្តមិនបានត្រឹមត្រូវ បង្កហានីភ័យចម្លងជំងឺកូវីដ១៩ ត្រូវចាត់វិធានការផ្អាកការរៀបចំកម្មវិធីជាបន្ទាន់៕
អត្ថបទ ស៊ុម សុខជា