ពលរដ្ឋប៉ាឡេស្ទីន ត្រូវបានគេឃើញកំពុងរត់តាមរថយន្តដឹកជំនួយដែលកំពុងដឹកជញ្ជូនការផ្គត់ផ្គង់បន្ថែមទៀតទៅកាន់តំបន់ហ្កាហ្សានៅថ្ងៃពុធ ទី២២ ខែមករានេះ ខណៈបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានចូលដល់ថ្ងៃទីបួន របស់ខ្លួន។
កិច្ចព្រមព្រៀងបទឈប់បាញ់ តម្រូវឱ្យរថយន្តដឹកជំនួយយ៉ាងហោចណាស់៦០០គ្រឿង ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់ហ្កាហ្សាជារៀងរាល់ថ្ងៃនៃបទឈប់បាញ់រយៈពេល៦សប្តាហ៍ដំបូង រួមទាំងរយន្តដឹកប្រេងចំនួន៥០គ្រឿង។ ពាក់កណ្តាលនៃរថយន្តដឹកជំនួយទាំងនោះ ត្រូវបានគេសន្មត់ថាទៅកាន់ភាគខាងជើងតំបន់ហ្កាហ្សា ជាកន្លែងដែលអ្នកជំនាញបានព្រមានថា គ្រោះទុរ្ភិក្សជិតមកដល់។
អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារទី២១ ខែមករាថា រថយន្តដឹកជំនួយជាង២.៤០០គ្រឿង បានចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធហ្កាហ្សា ចាប់តាំងពីការចាប់ផ្តើមបទឈប់បាញ់។
យោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌បានឲ្យដឹងថា អាទិភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា រួមមានជំនួយស្បៀងអាហារ ការបើកហាងនំប៉័ង ការផ្តល់ការថែទាំសុខភាព ការដាក់បំពេញឡើងវិញនៅតាមមន្ទីរពេទ្យ ការជួសជុលបណ្តាញទឹក ការនាំយកសម្ភារៈទៅជួសជុលទីជម្រក និងការជួបជុំគ្រួសារឡើងវិញ។