កងកម្លាំងសន្តិសុខអ៊ីស្រាអែលដែលគាំទ្រដោយឧទ្ធម្ភាគចក្រ បានវាយឆ្មក់ទីក្រុង Jenin នៃតំបន់វេសបែង (West Bank) ដែលមានភាពជ្រួលច្របល់ កាលពីថ្ងៃអង្គារ ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៩នាក់ ជាអ្វីដែលលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) ហៅថាជា «ប្រតិបត្តិការយោធាទ្រង់ទ្រាយធំ និងដ៏សំខាន់» ។
សកម្មភាពនេះ ដែលបានចាប់ផ្តើមមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា លោកកំពុងដកទណ្ឌកម្មលើអ្នកតាំងលំនៅជនជាតិអ៊ីស្រាអែលជ្រុលនិយមដែលបានវាយប្រហារភូមិប៉ាឡេស្ទីន ត្រូវបានប្រកាសដោយលោក ណេតាន់យ៉ាហ៊ូថា ជាការវាយលុកថ្មីប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា៖«យើងកំពុងធ្វើសកម្មភាពជាប្រព័ន្ធ និងដោយម៉ឺងម៉ាត់ប្រឆាំង នឹងអ័ក្សតស៊ូរបស់អ៊ីរ៉ង់ នៅគ្រប់ទីកន្លែងដែលពួកគេបានពង្រីកសាខា នៅតំបន់ហ្កាហ្សា លីបង់ ស៊ីរី យេម៉ែន និងតំបន់ Judea និង Samaria។
ការចាប់ផ្តើមប្រតិបត្តិការយោធាចូលទៅក្នុងទីក្រុង Jenin ជាកន្លែងដែលកងទ័ពអ៊ីស្រាអែល បានធ្វើការវាយឆ្មក់ជាច្រើនលើក និងការលុកលុយទ្រង់ទ្រាយធំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានកើតឡើង ត្រឹមតែពីរថ្ងៃបន្ទាប់ពីការចាប់ផ្តើមបទឈប់បាញ់ នៅតំបន់ហ្កាហ្សា។