ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ (ទី២១ ខែមករា) បាននិយាយថា លោកទំនងជានឹងដាក់ទណ្ឌកម្មលើរុស្ស៊ី ប្រសិនបើប្រធានាធិបតីរបស់ប្រទេសនេះ គឺលោក Vladimir Putin មិនព្រមចរចា អំពីការបញ្ចប់សង្គ្រាម នៅប្រទេសអ៊ុយក្រែន។

លោក Trump មិនបានផ្តល់ព័ត៌មានលម្អិត អំពីការដាក់ទណ្ឌកម្មបន្ថែមដែលអាចកើតមាននោះទេ។ ជាមួយគ្នានេះ លោកបានប្រាប់ថា រដ្ឋបាលរបស់លោក ក៏កំពុងពិចារណាដល់បញ្ហា ក្នុងការបញ្ជូនអាវុធទៅអ៊ុយក្រែនផងដែរ ដោយផ្ដល់ទស្សនៈផ្ទាល់ខ្លួនរបស់លោកបន្ថែមថា សហភាពអឺរ៉ុប (EU) គួរតែធ្វើអ្វីឲ្យបានច្រើនជាងនេះទៀត ដើម្បីគាំទ្រអ៊ុយក្រែន។
លោក Trump បាននិយាយថា៖ «យើងកំពុងពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។ យើងនឹងជជែកជាមួយលោកប្រធានាធិបតី Putin ក្នុងពេលឆាប់ៗនេះ។ យើងនឹងវាយតម្លៃពីបញ្ហានេះ»។
លោក Trump បានបញ្ជាក់បន្ថែមថា អំឡុងពេលសន្ទនាតាមទូរសព្ទ លោកបានជំរុញឲ្យប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ធ្វើអន្តរាគមន៍ ដើម្បីជួយបញ្ឈប់សង្គ្រាមអ៊ុយក្រែន។ លោកបាននិយាយពីប្រធានាធិបតីចិនថា៖ «គាត់មិនទាន់បានធ្វើកិច្ចការច្រើនគ្រប់គ្រាន់លើបញ្ហានោះនៅឡើយទេ។ គាត់មានឥទ្ធិពលច្រើន ដូចជាយើងដែរ។ ហើយខ្ញុំបាននិយាយប្រាប់គាត់ថា លោកគួរតែដោះស្រាយបញ្ហានេះ។ យើងបានពិភាក្សាពីបញ្ហានេះ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មរុស្ស៊ីយ៉ាងធ្ងន់ធ្ងររួចហើយ ពាក់ព័ន្ធនឹងការលុកលុយអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២៕


