ភ្នំពេញ ៖ ក្នុងឱកាសកម្ពុជាប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៦៨ អ្នកនយោបាយជាច្រើនបានចាត់ទុក និងតម្កល់ស្មារតីឯករាជ្យជាតិជាគំរូ ដើម្បីការពារអធិបតេយ្យជាតិពីអាណានិគមបរទេស។
ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ខួបលើកទី៦៨ នេះ អ្នកនយោបាយមួយចំនួនបានសម្តែងការដឹងគុណមិនអាចកាត់ថ្លៃបានរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ដែលទ្រង់បានតស៊ូទាមទារឯករាជ្យពីអាណានិគមបារាំង។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ប្រាប់BTV នៅថ្ងៃនេះថា ក្នុងនាមអ្នកនយោបាយមួយរូប លោកមានមោទនភាពចំពោះស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋ ដែលបានបន្សល់ទុកជាច្រើនជូនកូនចៅជំនាន់ក្រោយ ពិសេសសម្រាប់ អ្នកនយោបាយ ដែលត្រូវយកលំនាំ និងរក្សាជំហរឲ្យបាននូវការបង្រួបបង្រួម សំដៅការពារអធិបតេយ្យជាតិពីអាណានិគមបរទេស។
ទន្ទឹមគ្នានេះ លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានលើកឡើងថា ទិវាឯករាជ្យជាតិ៩វិច្ឆិកានេះ គឺជាស្មារតីសម្រាប់អ្នកនយោបាយត្រូវចងចាំនូវនិមិត្តរូបនៃឯករាជ្យភាព អធិបតេយ្យភាពជាតិ និងឯកភាពជាតិ ដែលកម្ពុជាចាកផុតពីអាណានិគមបរទេស។
ជាមួយគ្នានេះ លោក គុជ លី សហស្ថាបនិកគណបក្សខ្មែរតែមួយ បានឲ្យដឹងដែរថា ទិវាបុណ្យឯករាជ្យជាតិនេះ មានសារៈសំខាន់សម្រាប់អ្នកនយោបាយបន្តវេន អ្នកសិក្សាស្រាវជ្រាវ និងបរទេស ដើម្បីកត់សម្គាល់ចំពោះការតស៊ូ និងរបៀបស្វែងរកឯករាជ្យជាតិ នៃថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ របស់ព្រះបរមរតនកោដ្ឋ។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីឯករាជ្យជាតិខ្មែរ និងជាការឧទ្ទិសដល់ព្រះរាជបូជនីយកិច្ចរបស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ នៅក្នុងព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីអាណានិគមបារាំងដែលសម្រេចបាននៅ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕
អត្ថបទសេក ឧត្តម