អំឡុងអាណត្តិដំបូងរបស់លោក ប្រធានាធិបតីអាមេរិក លោក Donald Trump បានអនុវត្តកិច្ចការការទូតបែបពិសេសផ្ទាល់ខ្លួនរបស់លោក ជាមួយគូអរិរបស់ទីក្រុងវ៉ាស៊ីនតោន ដោយធ្វើជាមិត្តជាសាធារណៈជាមួយរុស្ស៊ី និងកូរ៉េខាងជើង ខណៈពេលដែលបង្កើនសម្ពាធដាច់ដោយឡែកពីគ្នាលើប្រទេសចិន និងអ៊ីរ៉ង់។
តែលើកនេះ លោកត្រូវជួបប្រទះនឹងបញ្ហាប្រឈមផ្សេងគ្នា នោះគឺក្រុមបដិបក្ខអាមេរិករួមគ្នាកាន់តែច្រើនឡើង ដែលបានខិតកាន់តែជិតស្និទ្ធគ្នា បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន នៅឆ្នាំ២០២២។ លោក Trump ដែលចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា បានប្តេជ្ញាថា នឹងបញ្ចប់សង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងទប់ទល់ជាមួយចិន ខណៈពេលដែលពង្រឹងកម្លាំងយោធាអាមេរិក។
ប៉ុន្តែអ្វីដែលកាន់តែពិបាកនោះ គឺថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្កើត «ភាពជាដៃគូគ្មានដែនកំណត់» ដោយទីក្រុងប៉េកាំងផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ចដល់រុស្ស៊ីដែលប្រទេសនេះត្រូវការដើម្បីទ្រទ្រង់សង្រ្គាមរបស់ខ្លួន នៅអ៊ុយក្រែន។

ហើយកាលពីថ្ងៃអង្គារ (ទី២១ ខែមករា) លោក Putin និងលោក ស៊ី បានស្នើឲ្យពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំង២ ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត អំឡុងពេលសន្ទនាគ្នាតាមទូរសព្ទយ៉ាងយូរ បន្ទាប់ពីលោក Trump បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។ លើសពីនោះទៀត រុស្ស៊ីក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាមួយកូរ៉េខាងជើង ក្នុងខែមិថុនា ឆ្នាំ២០២៤ និងអ៊ីរ៉ង់ នៅថ្ងៃទី១៧ ខែមករា។
ក្រុមអ្នកវិភាគ បានលើកឡើងថា ការចងសម្ព័ន្ធរបស់សត្រូវអាមេរិកចំនួន ៤ ដែលអតីតឯកអគ្គរដ្ឋទូតរបស់អតីតប្រធានាធិបតី លោក Joe Biden ប្រចាំនៅប្រទេសចិន បានហៅថា ជាក្រុម «សម្ព័ន្ធភាពមិនបរិសុទ្ធ» នោះ កាន់តែបន្ថែមដល់ការបាត់បង់ឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងដៃគូ៕

