ប្រភពមួយ បាននិយាយកាលពីថ្ងៃអង្គារថា ចៅក្រមស៊ើបអង្កេតបារាំងពីររូប បានចេញដីកាចាប់ខ្លួនប្រឆាំងនឹងអតីតមេដឹកនាំស៊ីរីដែលត្រូវបានបណ្តេញចេញលោក អាសា អាល់អាសាដ (Bashar Assad) ពីបទសង្ស័យថា មានការពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មសង្គ្រាម ដែលជាចំណាត់ការលើកទី២របស់អាជ្ញាធរតុលាការរបស់ប្រទេសបារាំង។
ប្រភពមួយដែលជិតស្និទ្ធនឹងករណីនេះ សុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន AFPថា លោក អា សាដ ដែលត្រូវបានបណ្តេញចេញពីតំណែង កាលពីចុងឆ្នាំមុន នៅក្នុងការវាយលុកយ៉ាងឆាប់រហ័សដោយកងកម្លាំងឥស្លាម ត្រូវទទួលខុសត្រូវក្នុងដីកា ដែលចេញកាលពីថ្ងៃចន្ទ ក្នុងនាមជា «អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ»សម្រាប់ការទម្លាក់គ្រាប់បែកនៅទីក្រុង Daraa ប្រទេសស៊ីរី ក្នុងឆ្នាំ ២០១៧ ដែលបានសម្លាប់ជនស៊ីវិលម្នាក់។
ដីកាចាប់ខ្លួននេះ ត្រូវបានចេញជាផ្នែកមួយនៃការស៊ើបអង្កេតលើករណីរបស់លោក Salah Abou Nabout អាយុ ៥៩ ឆ្នាំជនជាតិបារាំង-ស៊ីរី និងជាអតីតគ្រូបង្រៀនជនជាតិបារាំង ដែលត្រូវបានសម្លាប់កាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៧ បន្ទាប់ពីការទម្លាក់គ្រាប់បែកលើផ្ទះរបស់លោក ដោយឧទ្ធម្ភាគចក្ររបស់កងទ័ពស៊ីរី។
យោងតាមប្រភពនោះ បានឲ្យដឹងថា តុលាការបារាំងចាត់ទុកថា លោក អាសាដ បានបញ្ជា និងផ្តល់មធ្យោបាយសម្រាប់ការវាយប្រហារនេះ។
មន្ត្រីយោធាជាន់ខ្ពស់ស៊ីរីចំនួន ៦នាក់ គឺជាគោលដៅនៃដីកាចាប់ខ្លួនបារាំងរួចហើយ ជុំវិញករណីនេះ នៅក្នុងការស៊ើបអង្កេតមួយ ដែលបានចាប់ផ្តើម នៅក្នុងឆ្នាំ ២០១៨។