ប្រទេសកាណាដាបានប្ដេជ្ញាតបតវិញយ៉ាងខ្លាំងក្លា ខណៈដែលម៉ិកស៊ិកបានជំរុញឲ្យមានភាពស្ងប់ស្ងាត់កាលពីថ្ងៃអង្គារ (ទី២១ មករា) នៅចំពោះមុខការគំរាមកំហែងផ្នែកពាណិជ្ជកម្មពីប្រធានាធិបតីអាមេរិក លោក Donald Trump ដែលផ្ដល់ហានិភ័យ ក្នុងការរុញឲ្យសេដ្ឋកិច្ចរបស់ប្រទេសទាំង២ ធា្លក់ចូលទៅក្នុងភាពច្របូកច្របល់។
ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសជិតខាងទាំង២ ថា មានភាពធូររលុង ក្នុងការទប់ស្កាត់ជនអន្តោប្រវេសន៍ និងការធ្វើចរាចរណ៍គ្រឿងញៀនខុសច្បាប់ កុំឲ្យហូរចូលដែនដីអាមេរិក ហើយបានអំពាវនាវឲ្យមានការរឹតបន្តឹងព្រំដែន។

ប៉ុន្មានម៉ោងបន្ទាប់ពីការស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា លោក Trump បានផ្តល់សញ្ញាថា ការដំឡើងពន្ធ ២៥ភាគរយ ចំពោះដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក អាចកើតឡើងយ៉ាងឆាប់មុនថ្ងៃទី១ ខែកុម្ភៈ។ លោកក៏បាននិយាយដែរថា លោកនឹងបញ្ជាកងទ័ពឲ្យទៅកាន់ព្រំដែនជាមួយម៉ិកស៊ិក ដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍។
នាយករដ្ឋមន្រ្តី Justin Trudeau បានប្រាប់សន្និសីទសារព័ត៌មានថា «កាណាដានឹងឆ្លើយតប ហើយអ្វីៗទាំងអស់ កំពុងស្ថិតនៅក្នុងការពិភាក្សា» ដោយលោកបានបន្ថែមថា ប្រតិកម្មតបរបស់ទីក្រុង Ottawa នឹងមិនត្រឹមតែរឹងមាំ និងរហ័ស ហើយថ្លឹងថ្លែងយ៉ាងច្បាស់លាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងស្របគ្នាជាមួយពន្ធអាមេរិក ដែលដក់លើការនាំចូលរបស់កាណាដា។
ចំណែកប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បាននិយាយសម្រាលដល់ការគំរាមកំហែងដំឡើងពន្ធនេះ ខណៈពេលដែលជំរុញឲ្យស្ងប់ស្ងាត់ នៅចំពោះមុខការប្រកាសរបស់លោក Trump អំពីការរឹតបន្តឹងថ្មីយ៉ាងធ្ងន់ធ្ងរលើជនអន្តោប្រវេសន៍។
នៅឯសន្និសីទនាពេលព្រឹកដែលតែងធ្វើជាប្រចាំ លោកស្រីបាននិយាយថា៖ «វាមានសារៈសំខាន់ណាស់ក្នុងការបន្តភាពស្ងាត់ស្ងៀម និងចាំបាច់ណាស់ ក្នុងការផ្អែកលើកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខា ជាជាងអ្វីមាននៅក្នុងសុន្ទរកថាជាក់ស្តែង»៕

