រដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីថ្ងៃអង្គារ (ទី២១ ខែមករា) បានប្រាប់សមភាគីអាមេរិក នៅក្នុងកិច្ចប្រជុំមួយថា ប្រទេសជប៉ុននឹងបន្តពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ដោយគិតដល់ស្ថានភាពសន្តិសុខ នៅក្នុងតំបន់អាស៊ីបូព៌ា។
ការវិលត្រលប់ទៅកាន់អំណាចវិញរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានជំរុញឲ្យមានការរំពឹងទុកថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងដាក់សម្ពាធបន្ថែមទៀតលើសម្ព័ន្ធមិត្តឲ្យបង្កើនការចំណាយលើវិស័យការពារជាតិ។
ដោយជំរុញដោយការព្រួយបារម្ភ អំពីកម្លាំងយោធារបស់ចិនដែលកំពុងកើនឡើង និងកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ ទីក្រុងតូក្យូកំពុងធ្វើកាពង្រឹងប្រព័ន្ធការពារជាតិជាប្រវត្តិសាស្ត្រ។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Takeshi Iwaya បានជួបជាមួយរដ្ឋមន្ត្រីការបរទេសរបស់លោក Trump គឺលោក Marco Rubio និងទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz កាលពីថ្ងៃអង្គារ នៅទីក្រុងវ៉ាស៊ីនតោន។
អ្នកនាំពាក្យក្រសួងការបរទេស លោក Toshihiro Kitamura បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា លោក Iwaya បានប្រាប់លោក Rubio និងលោក Waltz ថា ប្រទេសជប៉ុនគ្មានជម្រើសអ្វី ក្រៅពីការបន្តបង្កើនសមត្ថភាពការពារជាតិ ដោយសារតែស្ថានការណ៍ នៅក្នុងតំបន់អាស៊ីបូព៌ា៕