ភ្នំពេញ ៖ ក្រោយពីបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមនី្ទរ រោងភាពយន្ត និងរោងសម្តែងសិល្បៈនៅក្នុងរាជធានីភ្នំពេញ ទន្ទឹមនឹងនោះគិតត្រឹមព្រឹកថ្ងៃទី៩ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ក៏ទទួលបានភ្ញៀវបរទេសក្នុងស្រុក ជាង៥០នាក់ និងភ្ញៀវជាតិរាប់រយនាក់ចូលទស្សនាក្នុងសារមនី្ទរ។
នេះបើតាមលោក ហង្ស និស្ស័យ ប្រធានសារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ប្រាប់BTV ព័ត៌មាននាព្រឹកនេះថា សារមនី្ទរបានបើកដំណើរឡើងវិញនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្រោយពីទទួលបានសេចកី្តប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយថ្នាក់ដឹកនាំ និងបុគ្គលិករបស់សារមនី្ទរ បានរៀបចំបើកដំណើរការឡើងវិញរហូតមកដល់ពេលនេះបានជាង០២សប្តាហ៍មកហើយ ។
ក្នុងអំឡុងពេលនេះ សារមនី្ទរទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញចូលមកទស្សនាជាបណ្តើរៗ ដោយអនុវត្តន៍តាមគោលការណ៍ស្តង់ដារប្រតិបតិ្ត(SOP) ដែលរៀបចំឡើងរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ព្រមទាំងសេចកី្តណែនាំរបស់ក្រសួងសុខាភិបាល។
ជាចុងក្រោយលោក ហង្ស និស្ស័យ ប្រធានសារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង សង្ឃឹមថាកំណើនភ្ញៀវទេសចរណ៍អន្តរជាតិ នឹងកើនឡើងវិញ ជាពិសេសនៅពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យមានទេសចរណ៍វ៉ាក់សាំង ចូលក្នុងព្រះរាជាណាចក្រកម្ពុជា នាដើមឆ្នាំ២០២២ ខាងមុខនេះឡើងវិញ។
ដូច្នេះក្នុងនាមជាមន្ត្រីរបស់សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមការពារនូវការរីករាលដាលជំងឺកូវីដ-១៩នេះ តាមរយៈយន្តការដែលរាជរដ្ឋាភិបាល បានដាក់ចេញកន្លងមក គឺ៣កុំ ៣ការពារ ទន្ទឹមនឹងនោះសារមនី្ទរ ក៏បានរៀបចំផែនការក្នុងការជម្រាប និងរំលឹកភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមានការប្រុងប្រយ័ត្នក្នុងពេលទស្សនាក្នុងសាលពិព័រណ៍៕
អត្ថបទ រដ្ឋា








