ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥នេះ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង ជាមួយនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ២០ ដែលមាន ថវិកាសរុបជាង ២៣លាន ដុល្លារអាមេរិក។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាតំណាង ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច។
សមាគម អង្គការដែលទទួលបានការចុះហត្ថលេខាអនុវត្តគម្រោងនៅថ្ងៃនេះ គឺនឹងអនុវត្តគម្រោងនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តសៀមរាប ធ្វើសកម្មភាពដល់ក្រុមគោលដៅ ជនរងគ្រោះ និងងាយរងគ្រោះ ដូចជាកុមារ ចាស់ជរា ជនក្រីក្រ និងជនមានពិការភាព។
ក្នុងការចុះហត្ថលេខានៅថ្ងៃនេះដែរ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងអំណរគុណដល់អង្គការ ដែលមានកិច្ចសហការជាមួយក្រសួងក្នុងការអនុវត្ត សកម្មភាពជួយដល់ក្រុមគោលដៅក្នុងវិស័យសង្គមកិច្ចនៅកម្ពុជា និងស្នើសុំដល់សមាគម និងអង្គការមិនមែន រដ្ឋាភិបាលបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនានាទៅតាមកិច្ចព្រមព្រៀង និងគោរពតាមច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
អត្ថបទ៖គឹមហុក










