ឈ្មោះបេក្ខជន ៥រូប នឹងលេចឡើងនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅប្រទេសបេឡារុស នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ប៉ុន្តែសម្រាប់រយៈពេល ៣១ឆ្នាំកន្លងមកនេះ មានអ្នកឈ្នះតែម្នាក់ប៉ុណ្ណោះ។
ដោយឡើងកាន់អំណាចតាំងពីឆ្នាំ១៩៩៤ លោក Alexander Lukashenko ត្រូវបានធានានូវអាណត្តិថ្មីរយៈពេល ៥ឆ្នាំ សម្រាប់ការបោះឆ្នោតដែលក្រុមប្រឆាំងរស់នៅនិរទេសខ្លួន បានពិពណ៌នាថា ជាការរៀបចំដោយមិនត្រឹមត្រូវ។ គណបក្សនេះបានអំពាវនាវឲ្យប្រជាជនបេឡារុសគូសសញ្ញាក្នុងប្រអប់ជ្រើសរើសដែលអាចឲ្យពួកគេបង្ហាញពីការបដិសេធមិនទទួលយកបេក្ខជនទាំងអស់ នៅលើសន្លឹកឆ្នោត។
លោក Lukashenko វ័យ ៧០ឆ្នាំ បានតាំងខ្លួនលោកថា ជាមេដឹកនាំម្នាក់ដែលធ្វើការយ៉ាងមាមាញឹក ដើម្បីជាតិ រហូតមិនមានពេលចូលរួមក្នុងយុទ្ធនាការបោះឆ្នោត។ លោកបានប្រាប់កម្មកររោងចក្រកាលពីសប្តាហ៍មុនថា៖ «និយាយដោយត្រង់ ខ្ញុំមិនបានតាមដានវា (ការបោះឆ្នោត) ទេ។ ខ្ញុំគ្រាន់តែគ្មានពេលតាមដាន»។
មិនមានការមើលឃើញពីអ្នកស្នងតំណែងជាក់ស្តែង ដើម្បីមកជំនួសមេដឹកនាំមានមាឌធំ និងពុកមាត់ ដែលក្នុងឱកាសផ្សេងៗគ្នា បានទាំងទទួលយក និងបដិសេធការដាក់ឈ្មោះជាមេដឹកនាំផ្តាច់ការចុងក្រោយរបស់អឺរ៉ុប។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោក Lukashenko បានចាប់ផ្តើមដោះលែងឥស្សរជនប្រឆាំងមួយចំនួនពីពន្ធនាគារ ជាការមានគោលបំណងជាក់ស្តែង ដើម្បីចាប់ផ្តើមជួសជុលទំនាក់ទំនងជាមួយលោកខាងលិច។
យោងតាមក្រុមសិទ្ធិមនុស្ស បានឲ្យដឹងថា កងកម្លាំងសន្តិសុខរបស់លោក Lukashenko បានឃុំខ្លួនក្រុមបាតុកររាប់ម៉ឺននាក់ដែលតវ៉ាប្រឆាំងលោក និងឥស្សរជនប្រឆាំងឈានមុខគេទាំងអស់ ត្រូវបានចាប់ដាក់ពន្ធនាការ ឬបង្ខំឲ្យនិរទេសខ្លួន។
ការបោះឆ្នោត នៅថ្ងៃអាទិត្យ កំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសដែលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ត្រូវបានហាមឃាត់ និងរារាំង។ អង្គការសិទ្ធិមនុស្ស Viasna ដែលត្រូវបានដាក់ឈ្មោះថា ជាអង្គការជ្រុលនិយម ឲ្យដឹងថា មានអ្នកទោសនយោបាយប្រហែល ១.២៥០នាក់ ជាការលើកឡើងដែលលោក Lukashenko បដិសេធថា មិនមានឡើយ៕