ទីភ្នាក់ងារសារព័ត៌មាន Maghreb Arabe Press បានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិរបស់នីហ្សេ លោក Salifou Modi ដែលបាននិយាយថា ប្រទេសជាសមាជិកនៃសម្ព័ន្ធ Sahel កំពុងបង្កើតកម្លាំងចម្រុះមានទាហាន៥.000នាក់ ដើម្បីប្រឆាំងនឹងការគំរាមកំហែងភេរវកម្ម។
លោកបានបន្តថា៖«កម្លាំងចម្រុះនេះ នឹងត្រូវបានបំពាក់ដោយគ្រឿងយុទ្ធោបករណ៍តាមអាកាស ជើងជគោក និងស៊ើបការណ៍ ព្រមទាំងប្រព័ន្ធសម្របសម្រួល»។ លោកបានបន្តថា ការធ្វើឲ្យមានសកម្មភាពថ្មីនេះ គឺមានរយៈពេលច្រើនសប្តាហ៍។
លោក Modi បានបន្តថា៖«កងកម្លាំងរបស់យើងបច្ចុប្បន្ន នឹងអាចធ្វើប្រតិបត្តិការរួមគ្នា នៅក្នុងលំហរួម ដោយបញ្ជាក់ថា កម្លាំងចម្រុះដែលត្រៀមរួចជាស្រេច គឺមានចំនួនទាហាន ៥.000នាក់ ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការដើម្បី «នាំប្រទេស Sahelទាំងបី រួមគ្នាទប់ទល់នឹងការគំរាមកំហែងពីក្រុមឧក្រិដ្ឋជន»។
នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៣ ប្រទេសហ៊ួគីណាហ្វាសូ ម៉ាលី និងនីហ្សេ បានបង្កើតសម្ព័ន្ធភាពនៃរដ្ឋ Sahel ដែលជាអង្គការការពារសមូហភាពក្នុងតំបន់។ យោងតាមឯកសារបង្កើតកម្លាំងចម្រុះនេះបានឲ្យដឹងថា រាល់ការរំលោភលើអធិបតេយ្យភាព ឬបូរណភាពទឹកដីរបស់សមាជិកម្នាក់ ឬច្រើននាក់ នឹងត្រូវបានចាត់ទុកថា ជាការឈ្លានពានប្រឆាំងនឹងភាគីទាំងអស់ ហើយនឹងត្រូវការជំនួយរបស់ពួកគេជាបុគ្គល ឬជាសមូហភាព រហូតដល់ និងរួមទាំងការប្រើប្រាស់កម្លាំងយោធា។