អ៊ីរ៉ង់៖ អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកគួរតែផ្តល់ការធានាថា ខ្លួននឹងមិនបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ របស់ទីក្រុងតេអេរ៉ង់ជាមួយមហាអំណាចពិភពលោកទៀតនោះទេ ប្រសិនបើការពិភាក្សាដើម្បីស្តារកិច្ចព្រមព្រៀងនេះទទួលបានជោគជ័យ។

កិច្ចចរចាដោយប្រយោលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកដែលបានជាប់គាំងកាលពីខែមិថុនា បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់ប្រកាន់តឹងរបស់លោកប្រធានាធិបតី Ebrahim Raisi គ្រោងនឹងចាប់ផ្ដើមឡើងវិញនៅថ្ងៃទី២៩ ខែវិច្ឆិកានៅទីក្រុងវីយែន ប្រទេសអូទ្រីស ដើម្បីរកវិធីស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ។ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងកាលពី ៣ឆ្នាំមុន ហើយបានដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់។
ដោយបន្ទរលើជំហរផ្លូវការរបស់អ៊ីរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែដកទណ្ឌកម្មទាំងអស់ដែលបានដាក់លើទីក្រុងតេអេរ៉ង់ នៅក្នុងដំណើរការដែលអាចផ្ទៀងផ្ទាត់បាន និងទទួលស្គាល់កំហុសរបស់ខ្លួនក្នុងការលុបចោលកិច្ចព្រមព្រៀង។ លោក Khatibzadeh បាននិយាយថា លោក Ali Bagheri-Kani ដែលជាអ្នកចរចានុយក្លេអ៊ែរជាន់ខ្ពស់របស់អ៊ីរ៉ង់នឹងធ្វើដំណើរក្នុងសប្ដាហ៍នេះ ក្នុងនាមជាអនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការនយោបាយទៅកាន់រដ្ឋធានីនានា របស់ភាគីអឺរ៉ុបចំនួនបីនៃកតិកាសញ្ញានុយក្លេអ៊ែរ៕
អត្ថបទ៖ សុខមាន