កាលពីថ្ងៃអង្គារម្សិលមិញ មេបញ្ជាការកងទ័ពអ៊ីស្រាអែលលោក Herzi Halevi បាននិយាយថា លោកនឹងលាលែងពីតំណែងនៅថ្ងៃទី៦ ខែមីនាខាងមុខនេះ ដើម្បីទទួលខុសត្រូវចំពោះការបរាជ័យសន្តិសុខដ៏ធំ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលខ្មាន់កាំភ្លើងក្រុមហាម៉ាសប៉ាឡេស្ទីន មកពីតំបន់ហ្កាហ្សា វាយប្រហារឆ្លងព្រំដែនទៅលើប្រទេសអ៊ីស្រាអែល ។
ពលរដ្ឋអ៊ីស្រាអែលនៅទីក្រុងតែល អាវីវ បានស្វាគមន៍ដំណឹងមួយនេះ ដោយពួកគេលើកឡើងថា កងទ័ពត្រូវទទួលខុសត្រូវចំពោះការបំពានសន្តិសុខ អំឡុងការវាយប្រហាររបស់ក្រុមហាម៉ាស់ ហើយពលរដ្ឋអ៊ីស្រាអែលមួយចំនួនទៀត បានជំរុញឲ្យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និងរដ្ឋាភិបាលរបស់លោក លាលែងពីតំណែងផងដែរ ។
បើទោះបីជាមានកំហឹងរបស់សាធារណជនចំពោះការវាយប្រហារនៅថ្ងៃទី ៧ ខែតុលា រដ្ឋាភិបាលរបស់លោក Netanyahu នៅតែជំនះការអំពាវនាវឲ្យបើកការស៊ើបអង្កេតរដ្ឋដោយបើកចំហរចំពោះទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់ពួកគេ សម្រាប់ការបំពានសន្តិសុខដែលបណ្តាលឲ្យពលរដ្ឋអ៊ីស្រាអេល ១.២០០នាក់ ត្រូវបានសម្លាប់ និងមនុស្សប្រហែល ២៥០នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ថ្នូរ ។
លោក Halevi បានសរសេរនៅក្នុងលិខិតលាលែងពីតំណែងទៅកាន់រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលលោក Israel Katz ថា នៅព្រឹកថ្ងៃទី ៧ ខែតុលា កងកម្លាំងការពារអ៊ីស្រាអែល(IDF) បានបរាជ័យក្នុងបេសកកម្មរបស់ខ្លួន ដើម្បីការពារពលរដ្ឋអ៊ីស្រាអែល។
មន្ត្រីយោធាជាន់ខ្ពស់មួយចំនួន បានលាលែងពីតំណែងរួចហើយ ជុំវិញបរាជ័យកាលពីថ្ងៃទី៧ ខែតុលា ហើយមេបញ្ជាការនៃទីបញ្ជាការដ្ឋានភូមិភាគត្បូង លោកឧត្តមសេនីយ៍ Yaron Finkelman ក៏បានប្រកាសថា លោកនឹងលាលែងពីតំណែងដូចគ្នា ។
ខណៈពេលនោះដែរ ពលរដ្ឋអ៊ីស្រាអែលម្នាក់ បានបង្ហាញក្តីបារម្ភរបស់លោកថា ប្រទេសអ៊ីស្រាអែលត្រូវការមនុស្សល្អ ដឹកនាំកងទ័ពអំឡុងជម្លោះហ្កាហ្សា បើទោះបីជាបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃអាទិត្យក៏ដោយ ៕