នាយករដ្ឋមន្រ្តីកាតាព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al Thaniបានមានបន្ទូលនៅទីក្រុង Davos ថា ទ្រង់សង្ឃឹមថា អាជ្ញាធរប៉ាឡេស្ទីននឹងវិលត្រឡប់មកដើរតួអភិបាលកិច្ចនៅតំបន់ហ្កាហ្សាវិញ ពេលណាដែលសង្រ្គាមជាមួយអ៊ីស្រាអែល បានបញ្ចប់ ។
ថ្លែងក្នុងជំនួបប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស រយៈពេល ២ថ្ងៃក្រោយបទឈប់បាញ់ដែលកាតាជួយសម្របសម្រួលចូលជាធរមាននៅតំបន់ហ្កាហ្សានោះ ព្រះអង្គម្ចាស់ Al Thani បានព្រមានថា ពលរដ្ឋហ្កាហ្សា មិនមែនប្រទេសណាផ្សេងឡើយ គួរតែកំណត់វិធីសាស្រ្តដែលដែនដីបិទច្រកមួយនេះត្រូវធ្វើអភិបាលកិច្ច ។
ព្រះអង្គមានបន្ទូលទៀតថា ពួកយើងសង្ឃឹមថា អាជ្ញាធរប៉ាឡេស្ទីននឹងវិលត្រឡប់មកកាន់តំបន់ហ្កាហ្សាវិញ ។ ពួកយើងសង្ឃឹមថានឹងមើលឃើញរដ្ឋាភិបាលពិតជាលើកឡើងពីបញ្ហារបស់ពលរដ្ឋនៅទីនោះ ។ មានផ្លូវវែងឆ្ងាយត្រូវដើរជាមួយតំបន់ហ្កាហ្សា និងជាមួយការបំផ្លិចបំផ្លាញ ។
សូមបញ្ជាក់ថា របៀបគ្រប់គ្រងតំបន់ហ្កាហ្សានៅក្រោយសង្រ្គាម ពុំត្រូវបានលើកឡើងដោយផ្ទាល់នោះទេនៅក្នុងកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស់ ដែលនាំឲ្យមានបទឈប់បាញ់បន្ទាន់ និងការដោះលែងចំណាប់ថ្នូរ ក្រោយការជជែកគ្នាអស់រយៈពេល ១៥ខែ សម្របសម្រួលដោយកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក ។
អ៊ីស្រាអែល បានច្រានចោលតួនាទីអភិបាលកិច្ចសម្រាប់ក្រុមហាម៉ាស់ ដែលបានគ្រប់គ្រងតំបន់ហ្កាហ្សាមុនសង្រ្គាមផ្ទុះឡើង ប៉ុន្តែពួកគេជំទាស់ផងដែរការគ្រប់គ្រងដោយអាជ្ញាធរប៉ាឡេស្ទីន គឺជាអង្គភាពមួយត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន Oslo កាលពីរយៈពេល ៣ទសវត្សរ៍មុន ដែលបានកំណត់អំណាចអភិបាលកិច្ចនៅតំបន់វ៉េសប៊ែង ៕