រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិក នឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីសម្រេចបាននូវដំណោះស្រាយសន្តិភាពយូរអង្វែងនៃជម្លោះ នៅអ៊ុយក្រែន។
លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានNBC News ថា៖«វានឹងក្លាយជាគោលនយោបាយផ្លូវការរបស់សហរដ្ឋអាមេរិកដែលសង្រ្គាមត្រូវបញ្ចប់ ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីលើកបញ្ហានេះឡើង និងជួយបញ្ចប់ ក្នុងរបៀបមួយដែលមានស្ថិរភាព និងនិរន្តរភាព។ យើងមិនចង់ឃើញសង្រ្គាមមួយទៀតកើតឡើង ក្នុងរយៈពេលពីរ បី ឬបួនឆ្នាំនេះទេ។
លោកបានបន្តថា ដំណើរការចរចា នឹងមិនប្រព្រឹត្តទៅដោយរលូនទេ ហើយភាគីនីមួយៗ នឹងត្រូវធ្វើ សម្បទានទៅវិញទៅមក។
លោក ពូទីន បាននិយាយមុននេះនៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីថា ទីក្រុងមូស្គូបើកចំហសម្រាប់ការសន្ទនាស្តីពីជម្លោះអ៊ុយក្រែន ជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដោយមានអាទិភាព ដោះស្រាយមូលហេតុឫសគល់នៃវិបត្តិ។ លោកបានបញ្ជាក់ថា រុស្ស៊ីកំពុងកត់សម្គាល់សេចក្តីថ្លែងការណ៍របស់លោក ត្រាំ និងសមាជិកក្រុមរបស់លោកអំពីឆន្ទៈរបស់ពួកគេ ក្នុងការស្តារទំនាក់ទំនង។ លោក ពូទីនក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់សង្គ្រាមលោកលើកទី៣ ។