ក្បួនរថយន្តដឹកជំនួយមនុស្សធម៌ បានសម្រុកចូលទីក្រុង Rafah តំបន់ហ្កាហ្សា នាថ្ងៃពុធនេះ ស្របពេលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ឈានចូលដល់ថ្ងៃទី ៤ ។
ពលរដ្ឋត្រូវបានគេមើលឃើញដណ្តើមជំនួយដែលបានធ្លាក់ពីលើរថយន្ត ខណៈពេលពួកគេដើរតាមផ្លូវនៅទីក្រុង Rafah ដែលពោពេញដោយកម្ទេចកម្ទីអគារខូចខាត ។
គួរឲ្យដឹងថា បទឈប់បាញ់ក្នុងសង្រ្គាមរយៈពេល ១៥ខែដែលបានធ្វើឲ្យតំបន់ហ្កាហ្សាក្លាយជាផេះផង់ និងបង្កភាពវឹកវរនៅតំបនមជ្ឈិមបូព៌ា បានចូលជាធរមានកាលពីថ្ងៃអាទិត្យកន្លងទៅ ជាមួយនឹងការដោះលែងចំណាប់ថ្នូរ ៣នាក់ដំបូងដោយក្រុមជីវពលហាម៉ាស់ ហើយអ្នកទោសប៉ាឡេស្ទីន ៩០នាក់ ត្រូវបានដោះលែងពីពន្ធនាគារអ៊ីស្រាអែល ។
ចំណាប់អារម្មណ៍បច្ចុប្បន្ន បានងាកទៅរកការកសាងដែនដីបិទច្រកនៅតំបន់ឆ្នេរមួយនេះឡើងវិញ ដែលយោធាអ៊ីស្រាអែល បានកម្ទេចស្ទើគ្មានសេសសល់ ជាការសងសឹកនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់លើតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ៕