នាយករដ្ឋមន្ត្រី លោក Pedro Sanchez នៅថ្ងៃពុធ (ទី២២ ខែមករា) នេះ បាននិយាយថា ប្រទេសអេស្ប៉ាញ គឺជា «ដៃគូដ៏គួរឲ្យទុកចិត្តបាន» នៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់តិកខាងជើង ឬអង្គការណាតូ (NATO) បន្ទាប់ពីប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump បានរិះគន់ទីក្រុងម៉ាឌ្រីដថា មិនបានរួមចំណែកផ្នែកហិរញ្ញវត្ថុឲ្យបានគ្រប់គ្រាន់ដល់សម្ព័ន្ធភាពការពារជាតិ។
នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CNBC ពីវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស លោក Sanchez បាននិយាយថា ប្រទេសអេស្ប៉ាញបានបង្កើនការចំណាយលើវិស័យការពារជាតិចំនួន ៧០ភាគរយ ក្នុងទសវត្សរ៍ចុងក្រោយនេះ ខណៈដែលការវិនិយោគរបស់ខ្លួនចំនួន ៣០ភាគរយលើឧបករណ៍ថ្មី គឺលើសពី ២០ភាគរយដែលតម្រូវដោយអង្គការណាតូ។
ជាមួយគ្នានេះ លោក Sanchez ក៏បាននិយាយផងដែរថា ការចូលរួមរបស់កងទ័ពអេស្ប៉ាញ នៅក្នុងប្រតិបត្តិការរបស់អង្គការណាតូ «គឺលើសពីមធ្យមភាគ»។ លោក Sanchez បានបញ្ជាក់ថា៖ «យើងជាដៃគូដ៏គួរឲ្យទុកចិត្តបាន ហើយខ្ញុំគិតថា អ្នកត្រូវតែមើលឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីឃើញថា តើប្រទេសមួយណា មានការប្តេជ្ញាចិត្ត ឬអត់ ជាមួយនឹងសន្តិសុខនៃសម្ព័ន្ធមិត្តរបស់អង្គការណាតូ»។
សម្ព័ន្ធមិត្តអង្គការណាតូ នឹងពិភាក្សាអំពីការបង្កើនតម្រូវការចំណាយ លើវិស័យការពារជាតិ ពីគោលដៅបច្ចុប្បន្ន ២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅឯកិច្ចប្រជុំកំពូល ក្នុងទីក្រុងឡាអេ នារដូវក្តៅនេះ។ លោក Trump ទទូចថា ប្រទេសជាសមាជិកទាំងអស់ ត្រូវបង្កើនការរួមចំណែករបស់ខ្លួនឲ្យដល់ ៥ភាគរយនៃ GDP ជាគោលដៅដែលមិនទាន់មានសមាជិកអង្គការណាតូបំពេញតាមបាននៅឡើយទេ នាពេលនេះ៕