ប្រតិបត្តិករ JSW នៅថ្ងៃពុធ (ទី២២ ខែមករា) នេះ បានប្រាប់ឲ្យដឹងថា កម្មករកំពុងត្រូវបានជម្លៀសចេញពីអណ្តូងរ៉ែមួយ នៅភាគខាងត្បូងប្រទេសប៉ូឡូញ បន្ទាប់ពីឧស្ម័នមេតានបានឆាបឆេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ទាក់ទងនឹងហេតុការណ៍ នៅឯអណ្តូងរ៉ែធ្យូងថ្ម Knurow-Szczyglowice Ruch Szczyglowice ប្រតិបត្តិករ JSW បានឲ្យដឹងថា៖ «ប្រតិបត្តិការដើម្បីជម្លៀសកម្មករចេញពីតំបន់កំពុងដំណើរការទៅ»។
អនុប្រធានអាជ្ញាធររ៉ែរបស់រដ្ឋ លោក Aleksander Chowaniec បានប្រាប់ទូរទស្សន៍គ្រប់គ្រងដោយរដ្ឋ TVP Info ថា មនុស្សប្រហែល ៤៤នាក់ ស្ថិតនៅក្នុងតំបន់ដែលឧស្ម័ននេះបានឆាបឆេះ ដែលក្នុងនោះ ១០នាក់ បានរងរបួស។ លោកបានបន្តថា ជនរងគ្រោះមានរបួសរលាក ប៉ុន្តែកម្រិតធ្ងន់ធ្ងរនៃរបួស មិនទាន់ដឹងនៅឡើយទេ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យន្តហោះសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុនោះ។ ភាគហ៊ុនរបស់ប្រតិបត្តិករ JSW បានធ្លាក់ចុះ ៣,១ភាគរយ នៅវេលាម៉ោង ១០ ម៉ោងសកល៕