អ្នកនាំពាក្យតុលាការរបស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃពុធ (ទី២២ ខែមករា) នេះ បានឲ្យដឹងថា ជនជាតិស្វីសម្នាក់ដែលអាជ្ញាធរអ៊ីរ៉ង់ បានប្រាប់ថា បានធ្វើអត្តឃាត ខណៈពេលដែលកំពុងជាប់ឃុំក្នុងពន្ធនាគារអ៊ីរ៉ង់ បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទធ្វើចារកម្ម បានថតរូបទីតាំងយោធា។
ប្រទេសស្វីសបានទាមទារព័ត៌មានលម្អិត អំពីមូលហេតុនៃការចាប់ខ្លួនបុរសវ័យ ៦៤ឆ្នាំ ដែលបានធ្វើដំណើរនៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងនាមជាអ្នកទេសចរ និងឲ្យមានការស៊ើបអង្កេតពេញលេញលើស្ថានភាពនៃការស្លាប់របស់រូបគេ កាលពីដើមខែនេះ។
អ្នកនាំពាក្យតុលាការលោក Asghar Jahangir បាននិយាយថា៖ «បុគ្គលនោះបានចូលប្រទេស ដោយចាកចេញពីទីក្រុង Dogharoun (ជាប់ព្រំដែនអាហ្វហ្គានីស្ថាន) ក្នុងខែតុលា ក្នុងនាមជាអ្នកទេសចរ នៅក្នុងរថយន្តដែលមានបំពាក់ដោយឧបករណ៍បច្ចេកទេសជាច្រើន ដើម្បីប្រើប្រាស់ក្នុងគោលបំណងផ្សេងៗ»។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ជនជាប់ឃុំខ្លួននេះ បានចងកសម្លាប់ខ្លួន ដោយក្រណាត់មួយដុំ បន្ទាប់ពីបានបិទភ្លើងនៅក្នុងបន្ទប់ ហើយទៅរកទីតាំងដែលមិនឲ្យមើលឃើញដោយកាមេរ៉ាសុវត្ថិភាព៕