អង្គការសហប្រជាជាតិ (UN) នៅសប្តាហ៍នេះ នឹងអំពាវនាវនូវទឹកប្រាក់ចំនួន ៩១០លានដុល្លារ ដើម្បីជួយដោះស្រាយវិបត្តិមនុស្សធម៌ នៅភាគឦសានប្រទេសនីហ្សេរីយ៉ា ជាកន្លែងដែលស្ថិតក្នុងការក្ដោបក្តាប់របស់ក្រុមបះបោរឥស្លាម ចាប់តាំងពីឆ្នាំ២០០៩ និងដែលត្រូវបានរងគ្រោះដោយទឹកជំនន់ កាលពីឆ្នាំមុន។
ឯកសាររបស់ UN ដែលសារព័ត៌មាន Reuters បានឃើញ បានបង្ហាញថា មនុស្ស ៧,៨លាននាក់ ត្រូវការជំនួយ នៅក្នុងរដ្ឋភាគឦសានចំនួន៣ គឺ Adamawa, Borno និង Yobe ហើយ UN មានគោលបំណងជួយ ៣,៦លាននាក់ ក្នុងចំណោមប្រជាជនទាំងនោះ។
ឯកសារនោះ បានបង្ហាញថា ក្នុងកម្រិត ៩១០លានដុល្លារ នេះគឺជាវិបត្តិមនុស្សធម៌ចំណាយប្រាក់ច្រើនបំផុត នៅអាហ្វ្រិកខាងលិច និងកណ្តាល ដោយច្រើនជាងការចំណាយ នៅប្រទេសឆាដ ម៉ាលី ប៊ូគីណាហ្វាសូ និងនីហ្សេ។
គួរបញ្ជាក់ថា ប្រទេសនីហ្សេរីយ៉ា ក៏កំពុងប្រឈមនឹងវិបត្តិចំណាយនៃការរស់នៅ ដែលត្រូវបានមើលឃើញថា អតិផរណាឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជិត ៣ទសវត្សរ៍ ដែលជំរុញដោយការឡើងថ្លៃខ្ពស់នៃតម្លៃម្ហូបអាហារ។
នៅមុននេះ UN បានប្រាប់ឲ្យដឹងថា ហានិភ័យនៅភាគឦសានរបស់នីហ្សេរីយ៉ា ក្លាយជាវិបត្តិដែលត្រូវបានគេបំភ្លេចចោល ខណៈដែលការផ្តោតលើមនុស្សធម៌ បានងាកទៅកន្លែងផ្សេងទៀត ដូចជានៅប្រទេសអ៊ុយក្រែន តំបន់ហ្កាហ្សា និងប្រទេសស៊ូដង់ជាដើម៕