សំឡេងកាំភ្លើងប្រហែលជាបានស្ងប់ស្ងាត់នៅតំបន់ហ្កាហ្សា ប៉ុន្តែសម្រាប់អ្នកស្រុក ការឈឺចាប់មិនទាន់ចប់នោះទេ។ ពួកគេកំពុងស្វែងរកសាកសពសាច់ញាតិដែលជាប់នៅក្រោមគំនរបាក់បែកតាំងពីដើមខែនៃសង្គ្រាមមក។ ដោយសារនៅពេលនោះ ការទម្លាក់គ្រាប់បែកបានបន្ត ទើបមានតែសាកសពប៉ុន្មាននាក់ប៉ុណ្ណោះត្រូវបានរកឃើញ និងបញ្ចុះបានត្រឹមត្រូវ។

ការបញ្ចុះសព ជាធម្មតាត្រូវបានធ្វើឡើងក្នុងរយៈពេលពីរបីម៉ោងបន្ទាប់ពីការស្លាប់នៅក្នុងប្រពៃណីសហគមន៍មូស្លីម និងអារ៉ាប់ ហើយការបរាជ័យមិនបានយកសាកសព និងធានាថាការបញ្ចុះប្រកបដោយសេចក្តីថ្លៃថ្នូរ គឺជារឿងមិនស្ងប់សុខសម្រាប់ក្រុមគ្រួសារសព។

សេវាសង្គ្រោះបន្ទាន់ស៊ីវិលប៉ាឡេស្ទីន និងបុគ្គលិកពេទ្យបានរកឃើញសាកសពប្រហែល ២០០នាក់ ចាប់តាំងពីបទឈប់បាញ់រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ចូលជាធរមានកាលពីថ្ងៃអាទិត្យ ដោយបានបញ្ឈប់ជម្លោះរយៈពេល ១៥ខែ ដែលបានសម្លាប់មនុស្សជាង ៤៧.០០០នាក់នៅដែនដីហ្កាហ្សា។

លោក Mahmoud Basal ប្រធានសេវាសង្រ្គោះប៉ាឡេស្ទីន បាននិយាយថា ប្រតិបត្តិការជីករកសាកសពជួបបញ្ហាដោយខ្វះកម្លាំង និងគ្រឿងចក្រធុនធ្ងន់ ខណៈប៉ាន់ប្រមាណថា សាកសពជនជាតិប៉ាឡេស្ទីនប្រហែល ១០.០០០នាក់ដែលត្រូវបានសម្លាប់ក្នុងសង្រ្គាម មិនទាន់រកឃើញ និងកប់នៅឡើយទេ៕