ទីក្រុងប៉េកាំងបានប្តេជ្ញាការពារផលប្រយោជន៍នៅក្រៅប្រទេសរបស់ខ្លួនឱ្យកាន់តែប្រសើរថែមទៀត ខណៈក្រុមអ្នកវិនិយោគក្រៅប្រទេសរបស់ប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទីពីររបស់ពិភពលោកមួយនេះ ប្រឈមនឹងការកើនឡើងភាពតានតឹងខាងភូមិសាស្ត្រនយោបាយ និងជម្លោះពាណិជ្ជកម្ម។

ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា លោកកំពុងពិចារណាដំឡើងពន្ធ១០% លើការនាំចូលទំនិញផលិតដោយប្រទេសចិនឱ្យបានឆាប់ត្រឹមថ្ងៃទី ១ ខែកុម្ភៈឆ្នាំ២០២៥នេះ។

ក្រុមអ្នកជំនាញ បានព្រមានថាខ្សែសង្វាក់ផ្គត់ផ្គង់ដែលផ្លាស់ប្តូរទីតាំងដើម្បីជៀសវាងសង្គ្រាមពន្ធរបស់សហរដ្ឋអាមេរិកក្នុងអំឡុងពេលអាណត្តិដំបូងរបស់ប្រធានាធិបតីលោក Donald Trump អាចជួបប្រទះនឹងការលំបាកថ្មី។

ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថាក្នុងឆ្នាំ២០២៤កន្លងទៅ ការវិនិយោគផ្ទាល់ក្រៅប្រទេសមិនមែនហិរញ្ញវត្ថុរបស់ប្រទេសចិនបានឈានដល់ ១៤៣,៨៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១០,៥ %បើធៀបទៅនឹងឆ្នាំមុន។
ទន្ទឹមនឹងនេះដែរ តម្លៃនៃកិច្ចសន្យាថ្មីរបស់ខ្លួនសម្រាប់គម្រោងនៅក្រៅប្រទេសបានកើនឡើងខ្ពស់បំផុតដល់ទៅ ២៦៧,៣ ពាន់លានដុល្លារ ហើយចំនួនបុគ្គលិកដែលត្រូវបានបញ្ជូនទៅក្រៅប្រទេសបានកើនឡើង ១៧,៩ % ឡើងដល់ប្រហែល ៤០៩.០០០នាក់ បើធៀបទៅនឹងឆ្នាំមុន៕