ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូង ដែលកំពុងដឹកនាំការស៊ើបអង្កេតព្រហ្មទណ្ឌទៅលើការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកប្រធានាធិបតី Yoon Suk Yeol បានស្នើឡើងនៅថ្ងៃព្រហស្បតិ៍ (២៣ មករា) នេះថា ឱ្យចោទប្រកាន់លោក Yoon សម្រាប់ការប្រព្រឹត្តអំពើបះបោរ និងរំលោភអំណាច បន្ទាប់ពីផ្ទេរសំណុំរឿងទៅការិយាល័យរដ្ឋអាជ្ញា។

សេចក្តីថ្លែងការណ៍មួយនិយាយថា ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) ដែលមិនមានសិទ្ធិអំណាចក្នុងការកាត់ទោសប្រធានាធិបតី នឹងស្នើឱ្យរដ្ឋអាជ្ញាចោទប្រកាន់មេដឹកនាំដែលត្រូវផ្អាកតំណែងរូបនេះ ជុំវិញបទចោទថាលោកជាមេខ្លោងនៃការបះបោរ ការរំលោភអំណាចប្រធានាធិបតីរបស់ខ្លួន និងរារាំងអ្នកផ្សេងទៀតមិនឱ្យអនុវត្តសិទ្ធិរបស់ពួកគេ។

លោក Yoon ត្រូវបានជាប់ឃុំតាំងពីសប្តាហ៍មុន ខណៈក្រុមស៊ើបអង្កេតបានពិនិត្យមើលការប៉ុនប៉ងរបស់លោកក្នុងការដាក់ច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី០៣ ខែធ្នូ ដែលជាសកម្មភាពមួយធ្វើឱ្យប្រទេសជាតិ និងអន្តរជាតិភ្ញាក់ផ្អើល ទោះបីជាត្រូវលុបចោលក្នុងពេលប៉ុន្មានម៉ោងក្រោយក៏ដោយ។

គួរបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូងដែលកំពុងកាន់តំណែង មានអភ័យឯកសិទ្ធិពីការកាត់ទោស លើកលែងតែការចោទប្រកាន់ពីបទបះបោរ ឬការក្បត់ជាតិ៕