អ៊ីរ៉ង់ បានថ្លែងសារផ្សះផ្សា និងរំងាប់កង្វល់ទៅកាន់មេដឹកនាំលោកខាងលិចនៅកិច្ចប្រជុំទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃពុធ (២២ មករា) ដោយមន្ត្រីជាន់ខ្ពស់ទីក្រុងតេអេរ៉ង់បានបដិសេធថា ខ្លួនមិនចង់បានអាវុធនុយក្លេអ៊ែរទេ និងស្នើផ្តល់ការពិភាក្សា ប៉ុន្មានថ្ងៃបន្ទាប់ពីការវិលត្រឡប់របស់លោក Donald Trump ទៅកាន់សេតវិមានវិញ។

ទោះជាយ៉ាងនេះក្ដី ការអត្ថាធិប្បាយរបស់អនុប្រធានាធិបតីអ៊ីរ៉ង់ទទួលបន្ទុកកិច្ចការយុទ្ធសាស្ត្រ លោក Mohammad Javad Zarif នោះ ស្របពេលនឹងការព្រមានដោយក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិថា ទីក្រុងតេអេរ៉ង់កំពុង "ពន្លឿនយ៉ាងខ្លាំង" ក្នុងការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូម ជិតដល់កម្រិតអាវុធ។

ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi បានអំពាវនាវឱ្យមានកិច្ចពិភាក្សាការទូតរវាងអ៊ីរ៉ង់ និងលោក Trump ដែលនៅក្នុងអាណត្តិដំបូងរបស់ខ្លួនបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានដាក់កម្រិតយ៉ាងតឹងរ៉ឹងលើសកម្មភាពអាតូមិករបស់អ៊ីរ៉ង់។

នៅពេលសាកសួរថាតើកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងលោក Trump មានសារៈសំខាន់យ៉ាងណានៅពេលនេះ លោក Grossi បានឆ្លើយតបនៅទីក្រុង Davos ថា "ពិតជាមិនអាចខ្វះបានទេ"។ ជាមួយគ្នានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា អ៊ីរ៉ង់ត្រូវតែបោះជំហានដំបូងឆ្ពោះទៅរកការកែលម្អទំនាក់ទំនងជាមួយបណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងអាមេរិក ដោយបញ្ជាក់ឱ្យច្បាស់ថា ខ្លួនមិនមានគោលបំណងអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ៕