រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានពិភាក្សាអំពី "សកម្មភាពដ៏គ្រោះថ្នាក់ និងអស្ថិរភាពរបស់ចិន នៅសមុទ្រចិនខាងត្បូង" ជាមួយសមភាគីហ្វីលីពីន កាលពីថ្ងៃពុធ (២២ មករា) ហើយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តការពារជាតិរបស់រដ្ឋបាលសហរដ្ឋអាមេរិកថ្មីចំពោះទីក្រុងម៉ានីល។

ក្រសួងការបរទេសអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយស្តីពីកិច្ចពិភាក្សាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo ថា "លោក Rubio បានលើកឡើងពីអាកប្បកិរិយារបស់ចិនដែលគ្រោះថ្នាក់នៅក្នុងសមុទ្រចិនខាងត្បូង"។

ហ្វីលីពីន បានជាប់ពាក់ព័ន្ធក្នុងជម្លោះដែនទឹកជាមួយចិន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ហើយប្រទេសទាំងពីរបានប្រឈមមុខដាក់គ្នាជាប្រចាំ ជុំវិញដែនទឹកជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ទីក្រុងម៉ានីល។
នៅមុនការស្បថចូលកាន់តំណែងរបស់លោក Donald Trump ហ្វីលីពីន និងអាមេរិក បានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នាលើកទី៥ របស់ពួកគេនៅសមុទ្រចិនខាងត្បូង ចាប់តាំងពីការចាប់ផ្តើមសកម្មភាពរួមគ្នាក្នុងឆ្នាំ២០២៣។

ការចូលរួមផ្នែកសន្តិសុខរវាងសម្ព័ន្ធមិត្តទាំងពីរបានហក់ឡើងខ្ពស់ខ្លាំង ក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ដែលជំរុញឱ្យកាន់តែខិតទៅជិតទីក្រុងវ៉ាស៊ីនតោន និងពង្រីកមូលដ្ឋានយោធា ដែលកងកម្លាំងអាមេរិកអាចចូលប្រើបាន៕