ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (ទី២២ ខែមករា) បាននិយាយថា លោកនឹងបន្ថែមពន្ធថ្មី ដែលជាការគំរាមដាក់ទណ្ឌកម្មរបស់លោក ចំពោះរុស្ស៊ី ប្រសិនបើប្រទេសនេះមិនឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាមរបស់ខ្លួន នៅអ៊ុយក្រែន ហើយលោកបានបន្ថែមថា ការអនុវត្តទាំងនេះក៏អាចមានចំពោះ «ប្រទេសដែលមានចំណែករួមផ្សេងទៀតដែរ»។

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម Truth Social លោក Trump បានកែប្រែការអត្ថាធិប្បាយរបស់លោកកាលថ្ងៃទី២១ ខែមករា ដែលថា លោកអាចនឹងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ប្រសិនបើប្រធានាធិបតី លោក Vladimir Putin មិនព្រមចរចាបញ្ចប់ការលុកលុយរយៈពេលជិត ៣ឆ្នាំទេនោះ។

លោក Trump បានរៀបរាប់ថា៖ «ប្រសិនបើយើងមិនធ្វើកិច្ចព្រមព្រៀងទេនោះ ហើយឆាប់ៗនេះ ខ្ញុំគ្មានជម្រើសអ្វីផ្សេង ក្រៅពីបង្កើនកម្រិតពន្ធឲ្យខ្ពស់ជាងមុន ដំឡើងពន្ធ និងទណ្ឌកម្មលើអ្វីគ្រប់យ៉ាង ដែលរុស្ស៊ីលក់ទៅឲ្យសហរដ្ឋអាមេរិក និងប្រទេសដែលមានចំណែករួមផ្សេងទៀត»។
ស្ថានទូតរុស្ស៊ី ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន និងបេសកកម្មប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ យ៉ាងណាក្ដី ការបង្ហោះរបស់លោក Trump មិនបានបង្ហាញអត្តសញ្ញាណប្រទេសដែលលោកបានចាត់ទុកថា មានចំណែករួមក្នុងជម្លោះ ឬរបៀបដែលលោកកំណត់ការពាក់ព័ន្ធនោះទេ។
គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់រដ្ឋបាលលោក Joe Biden សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងររួចហើយលើអង្គភាពរាប់ពាន់ នៅក្នុងវិស័យធនាគារ ការពារជាតិ ផលិតកម្ម ថាមពល បច្ចេកវិទ្យា និងវិស័យផ្សេងទៀតរបស់រុស្ស៊ី ចាប់តាំងពីការលុកលុយទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូទៅលើប្រទេសជិតខាងរបស់ខ្លួន បានចាប់ផ្តើម នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២៕