ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១១នាក់ បានបាត់បង់ជីវិត អំឡុងពេលមានឧបទ្ទវហេតុ នៅលើផ្លូវដែក ក្នុងរដ្ឋ Maharashtra (មហារ៉ាស្ត្រា) ភាគខាងលិចនៃប្រទេសឥណ្ឌា កាលពីថ្ងៃពុធ (ទី២២ ខែមករា) ដោយគ្រោះថ្នាក់នោះកើតឡើងនៅពេលដែលជនរងគ្រោះទាំងនោះ បានចុះពីរថភ្លើងដែលពួកគេជិះ ដោយខ្លាចមានអគ្គិភ័យ ហើយស្រាប់តែត្រូវបានបុកដោយរថភ្លើងមួយគ្រឿងផ្សេងទៀតដែលឆ្លងកាត់ផ្លូវជាប់គ្នានោះ។

មន្ត្រីផ្លូវដែកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មាននរណាម្នាក់ បានទាញកណ្ដឹងរោទិ៍ប្រកាសអាសន្នរបស់រថភ្លើង ដោយនាំឲ្យរថភ្លើងឈប់ បន្ទាប់មកអ្នកដំណើរជាច្រើននាក់ បានចុះពីលើផ្លូវរថភ្លើងដើរសំដៅទៅផ្លូវជាប់គ្នា ហើយត្រូវបានបុកបណ្ដាលឲ្យស្លាប់ដោយរថភ្លើងមួយគ្រឿងទៀតដែលកំពុងឆ្លងកាត់។
មន្ត្រីផ្លូវដែកជាន់ខ្ពស់ ក្នុងតំបន់ Nashik គឺលោក Praveen Gedam បានប្រាប់ទីភ្នាក់ងារព័ត៌មាន ANI ថា៖ «យោងតាមព័ត៌មាន បានឲ្យដឹងថា មានអ្នកស្លាប់ ១១នាក់ នៅក្នុងឧបទ្ទវហេតុនេះ ហើយ ៥នាក់ផ្សេងទៀត បានរងរបួស»។

រដ្ឋមន្រ្ដីប្រចាំរដ្ឋ Maharashtra លោក Devendra Fadnavis បាននិយាយថា រថយន្តសង្គ្រោះត្រូវបានបញ្ជូនទៅកាន់កន្លែងដែលមានចម្ងាយប្រហែល ៤០០គីឡូម៉ែត្រពីរដ្ឋធានីហិរញ្ញវត្ថុ Mumbai របស់ឥណ្ឌា ហើយការរៀបចំព្យាបាលអ្នករបួស កំពុងត្រូវបានធ្វើឡើង៕