ភ្នំពេញ ៖ រដ្ឋបាលខេត្តនានា ក្នុងប្រទេសកម្ពុជា បានដឹកនាំមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ប្រារព្ធទិវា បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៦៨ ដើម្បីរំលឹកដល់ព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជារបស់អតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្ដម សីហនុ ទាមទារឯករាជ្យជាតិពីអាណានិគមនិយមបារាំង។
ថ្លែងទៅកាន់អ្នកចូលរួមក្នុងទិវាបុណ្យឯករាជ្យជាតិ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកានេះ ថ្នាក់ដឹកនាំខេត្ត ទាំងឡាយ បានធ្វើការអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីការពារសុខសន្តិភាព អធិបតេយ្យភាព និងឯករាជ្យ របស់ប្រទេសកម្ពុជា ឲ្យស្ថិតស្ថេរគង់វង្សតទៅមុខទៀត។ ទម្រាំប្រទេសកម្ពុជា ទទួលបាន ឯករាជ្យទាំងស្រុងពីអាណានិគមនិយមបារាំង បុព្វបុរសខ្មែរ ជាពិសេសសម្ដេចព្រះ នរោត្តម សីហនុ បានលះបង់គ្រប់បែបយ៉ាង។
ក្រុមយុវជន ប្រជាពលដ្ឋ និងសិស្សានុសិស្ស ដែលបានចូលរួមទិវានេះ បានលើកឡើងថា ឯករាជ្យ ភាព បូរណភាពទឹកដី និងសន្តិភាព ជាមាគ៌ានាំឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍជាជំហានៗលើគ្រប់វិស័យ រហូតមកដល់ពេលនេះ។ សន្តិភាព និងភាពម្ចាស់ការលើគ្រប់យ៉ាង ធ្វើឱ្យកម្ពុជាមានទំនាក់ ទំនងជាមួយប្រទេសនានានៅលើពិភព ជាពិសេសប្រទេសកម្ពុជា គឺជាប្រទេសឯករាជ្យ មានសិទ្ធិដឹកនាំ សកម្មភាពអភិវឌ្ឍន៍ សកម្មភាពនយោបាយដោយខ្លួនផងដែរ។
អភិបាលខេត្តនានា បានសំដែងនូវជំនឿជឿងជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមានការចូលចូលគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស សុខសន្តិភាព នឹងត្រូវបានថែរក្សាតរៀងទៅ ជាពិសេសទោះស្ថិតក្នុងការលៈទេសៈដ៏លំបាក នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ប្រទេសកម្ពុជា នឹងនៅតែទទួលបានការអភិវឌ្ឍរីកចម្រើនទៅមុខថែមទៀត៕
សម្រួល៖ យន់ វ៉ាន់







