ការិយាល័យក្រសួងយុត្តិធម៌របស់ប្រទេសកូឡុំប៊ី កាលពីថ្ងៃពុធ (២២ មករា) បានចេញដីកាចាប់ខ្លួនជាថ្មីសម្រាប់មេដឹកនាំក្រុមឧទ្ទាមរំដោះជាតិ (ELN) ដែលបានចូលរួមក្នុងកិច្ចចរចាសន្តិភាព ខណៈដែលបម្លាស់លំនៅដោយបង្ខំដែលបណ្តាលមកពីការវាយប្រហាររបស់ក្រុម ELN បានកើនឡើងដល់ ៣២,០០០នាក់ហើយ។

កិច្ចខិតខំប្រឹងប្រែងដែលមានភាពតានតឹងរួចហើយរបស់ប្រធានាធិបតី លោក Gustavo Petro ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ៦ទសវត្សរ៍ ត្រូវបានធ្វើឲ្យធ្លាក់ចូលទៅក្នុងវិបត្តិ ហើយគ្រោះមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុត នៅកូឡុំប៊ី ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក៏កាន់តែអាក្រក់ទៅៗ បន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំងក្លានូវអំពើហិង្សា កាលពីសប្តាហ៍មុន នៅក្នុងតំបន់ Catatumbo ជាតំបន់ស្ថិតនៅតាមបណ្តោយព្រំដែនភាគខាងកើតជាមួយប្រទេសវេណេហ្ស៊ុយអេឡា ដែលត្រូវបានចាត់ទុកថា ជាផ្លូវយុទ្ធសាស្ត្រ សម្រាប់ការជួញដូរគ្រឿងញៀន។

លោក Petro ដែលបានសន្យាឲ្យមានកិច្ចព្រមព្រៀងសន្តិភាព និងការព្រមចុះចាញ់ ដើម្បីបញ្ចប់ជម្លោះដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៤៥០.០០០នាក់ បានផ្អាកការចរចាជាមួយក្រុមឧទ្ទាម ELN កាលពីថ្ងៃសុក្រ (ទី១៧ ខែមករា) ដោយសារការវាយប្រហាររបស់ក្រុមនេះ ប្រឆាំងនឹងក្រុមឧទ្ទាមមួយក្រុមទៀត អតីតយុទ្ធជនដែលចេញពីជួរទ័ព និងមេដឹកនាំសហគមន៍ស៊ីវិល។

ការិយាល័យក្រសួងយុត្តិធម៌ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ស្ថាប័នបាន និងកំពុងលុបចោលការធានានៅក្នុងដីកាចាប់ខ្លួនដែលត្រូវបានព្យួរ សម្រាប់តំណាង ៣១នាក់របស់ក្រុម ELN ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលជាតិថា ជាអ្នកនាំពាក្យនៅក្នុងការចរចា ដោយការសម្រេចនេះកើតមានឡើងបន្ទាប់ពីពួកគេ «មិនគោរពតាមលក្ខខណ្ឌ សម្រាប់ការព្យួរនៃដីកាចាប់ខ្លួននេះ ហើយជាពិសេសការប្រព្រឹត្តឧក្រិដ្ឋកម្មជាថ្មីដោយសមាជិករបស់ក្រុម ELN»៕