តំណាងសហរដ្ឋអាមេរិក និងមន្ត្រីនគរបាល បានរិះគន់ប្រធានាធិបតី លោក Donald Trump កាលពីថ្ងៃពុធ (២២ មករា) ពាក់ព័ន្ធនឹងការលើកលែងទោស ចំពោះក្រុមកុបករ ដែលបានសម្រុកចូលចូលវិមាន Capitol កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

នៅឯសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី តំណាងរាស្ត្ររបស់គណបក្សប្រជាធិបតេយ្យ ប្រចាំនៅទីក្រុង New York លោក Dan Goldman បានហៅការលើកលែងទោសនេះថា ជា «ការបោះបង់ចោលទាំងស្រុង ចំពោះបុរស និងស្ត្រី ដែលជាអ្នកអនុវត្តច្បាប់ នៅជុំវិញប្រទេសនេះ»។

អតីតមន្ត្រីនគរបាលវិមាន Capitol លោក Harry Dunn និងមន្ត្រីនគរបាលក្រុង លោក Daniel Hodges ដែលទាំង ២នាក់ ត្រូវបានវាយប្រហារ អំឡុងពេលមានការលុកលុយថ្ងៃទី៦ ខែមករា ក៏បានបញ្ចេញកំហឹងរបស់ពួកគេផងដែរ។ លោក Dunn បាននិយាយថា «ខ្ញុំគិតថា ខ្ញុំកាន់តែតូចចិត្ត ចំពោះមនុស្សដែលកាន់តែធ្វើឲ្យមានការភ្ញាក់ផ្អើល នៅពេលដែល Donald Trump បានធ្វើអ្វីដែលលោកបាននិយាយថា លោកនឹងធ្វើតាំងពីដំបូង»។

ចំណែកលោក Hodges បានបន្ថែមថា៖ «ហើយមនុស្សទាំងអស់នេះ ត្រូវបានលើកលែងទោស ដោយលោក Donald Trump ដែលនិយាយថា ពួកគេជាជនរងគ្រោះពិតប្រាកដ និងដែលនិយាយថា ពួកគេជាអ្នកស្នេហាជាតិ។ ខ្ញុំមិនយល់ថា តើនរណាម្នាក់អាចជឿការនិយាយបែបនេះបាន»។
គួរបញ្ជាក់ថា អ្នកគាំទ្រលោក Donald Trump រាប់រយនាក់ដែលត្រូវបានកាត់ទោសជាប់ពន្ធនាគារពីបទចូលរួមក្នុងអំពើហិង្សាកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ត្រូវបានដោះលែងវិញ កាលពីថ្ងៃអង្គារ (ទី២១ ខែមករា) បន្ទាប់ពីប្រធានាធិបតីថ្មី បានលើកលែងទោសមនុស្សជាង ១.៥០០នាក់ ក្នុងនោះរួមទាំងអ្នកដែលបានវាយដំលើមន្ត្រីនគរបាលផងដែរ៕