នគរបាលបាននិយាយថា ក្មេងប្រុសជំទង់ម្នាក់កាលពីថ្ងៃពុធ (២២ មករា) បានបើកការបាញ់ប្រហារនៅក្នុងវិទ្យាល័យមួយកន្លែងនៅរដ្ឋ Tennessee របស់សហរដ្ឋអាមេរិក ដោយបានសម្លាប់សិស្សសាលាម្នាក់ និងម្នាក់ទៀតរងរបួស បន្ទាប់មកក៏សម្លាប់ខ្លួនឯង។

នគរបាលក្រុង Nashville បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា សិស្សប្រុសវ័យ ១៧ឆ្នាំម្នាក់ បានបើកការបាញ់ប្រហារជាច្រើនគ្រាប់ដោយប្រើកាំភ្លើងខ្លីនៅខាងក្នុងអាហារដ្ឋាននៅវិទ្យាល័យ Antioch។ ក្មេងស្រីវ័យ ១៦ឆ្នាំត្រូវបានបាញ់សម្លាប់ ហើយក្មេងប្រុសម្នាក់ទៀតវ័យ ៧ឆ្នាំ ត្រូវគ្រាប់ចំដៃបណ្តាលឱ្យរងរបួស។

នគរបាលកំណត់អត្តសញ្ញាណក្មេងប្រុសដែលបានបាញ់ប្រហារនោះឈ្មោះថា Solomon Henderson ហើយពួកគេកំពុងស៊ើបអង្កេតមូលហេតុនៃហិង្សានេះ។

អំពើហិង្សាដោយកាំភ្លើងមួយនេះគឺជាករណីចុងក្រោយបង្អស់នៃការបាញ់ប្រហារនៅសាលារៀនជាបន្តបន្ទាប់ ដែលបានមើលឃើញនៅសហរដ្ឋអាមេរិក ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ហើយជិត ២ឆ្នាំបន្ទាប់ពីការបាញ់ប្រហារដ៏កក្រើកនៅសាលាឯកជនសាសនាគ្រិស្តនៅទីក្រុង Nashville ដដែលនេះ បានធ្វើឱ្យសិស្សសាលា ៣នាក់ និងបុគ្គលិក ៣នាក់បានស្លាប់៕