ប្រធានាធិបតីអាមេរិក លោក Donald Trump ហាក់មិនភ័យព្រួយនឹងហានិភ័យសន្តិសុខជាតិដែលបង្កឡើងដោយ TikTok ឡើយនៅក្នុងបទសម្ភាសន៍ជាមួយ Fox News នៅកាលពីថ្ងៃពុធ (២២ មករា) ដោយបង្ហើបថា ចិនមិនចាំបាច់ប្រើកម្មវិធីវីដេអូសង្គមមួយនេះមកចារកម្មលើពលរដ្ឋអាមេរិកទេ ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការផ្តល់ជូន TikTok នូវការផ្អាកពីច្បាប់ដែលនឹងបង្ខំឱ្យបិទកម្មវិធី។

លោក Trump បាននិយាយថា "តើវាសំខាន់ណាស់មែនទេសម្រាប់ប្រទេសចិន ក្នុងការធ្វើចារកម្មលើមនុស្សវ័យក្មេង លើកុមារតូចៗ ក្នុងការមើលវីដេអូខ្លីៗបែបនេះ?"។ លោក Trump លើកឡើងថា ផលិតផលអេឡិចត្រូនិចទាំងអស់ដែលផលិតនៅក្នុងប្រទេសចិន អាចប្រឈមនឹងហានិភ័យចារកម្ម ដូច្នេះហើយ TikTok មិនមែនជាហានិភ័យធ្ងន់ធ្ងរបំផុតនោះទេ។

ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump ប្រធានាធិបតីរូបនេះបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលទាមទារឱ្យក្រុមហ៊ុនមេ ByteDance របស់ប្រទេសចិន ដកប្រតិបត្តិការ TikTok ចេញអាមេរិក ដោយសារតែក្ដីបារម្ភពីសន្តិសុខជាតិ។ ប៉ុន្តែនៅក្រោមបញ្ជាប្រតិបត្តិថ្មីមួយដែលចុះហត្ថលេខាក្នុងថ្ងៃដំបូងនៃតំណែង លោក Trump បានពន្យារពេលបម្រាម ៧៥ថ្ងៃបន្ថែមទៀត។

TikTok បានបដិសេធម្ដងហើយម្ដងទៀតថា ខ្លួនមិនបានចារកម្មលើអ្នកប្រើប្រាស់ ឬបង្វែរទិន្នន័យអ្នកប្រើប្រាស់ទៅអាជ្ញាធរនៅទីក្រុងប៉េកាំងនោះទេ៕