ភ្នំពេញ៖ អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា និងកងកម្លាំងសមត្ថកិច្ចកិច្ចជាច្រើនស្ថាប័នទៀត បានរៀបចំពិធីខួប៦៨ឆ្នាំនៃបុណ្យឯករាជ្យជាតិ៩វិច្ឆិកា នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅវិមានរំលឹកគុណអតីតវីរៈយុទ្ធជន ដែលស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប។
ក្នុងឱកាសខួបលើកទី៦៨ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) ក្រោមអធិបតីភាពឯកឧត្ដម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងអគ្គនាយករង អាជ្ញាធរជាតិអប្សរាឯកឧត្ដម ឡុង កុសល ព្រមទាំងមានការចូលរួមពីលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។ តាមការសង្កេតឃើញ ពិធីនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរដល់ទិវាជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវឯករាជ្យជាតិទឹកដី សិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីរបស់ប្រជាជាតិកម្ពុជានេះមកវិញ និងការបង្កើតកងយោធពលខេមរភូមិន្ទ។
គួររំលឹកថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺជាឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លា ប្តូរផ្តាច់ចំពោះជាតិមាតុភូមិរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ៕





