គូស្នេហ៍រាប់រយគូកំពុងចងមេត្រីភាព និងអបអរយ៉ាងរីករាយនៅក្នុងប្រទេសថៃ ខណៈរាជាណាចក្រមួយនេះក្លាយជាប្រជាជាតិអាស៊ីអាគ្នេយ៍ដំបូងគេ ដែលផ្ដល់ភាពស្របច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា។

ច្បាប់សមភាពអាពាហ៍ពិពាហ៍ ដែលត្រូវបានអនុម័តដោយសំឡេងគាំទ្រយ៉ាងលើសលប់នៅក្នុងការបោះឆ្នោតសភាជាប្រវត្តិសាស្ត្រកាលពីខែមិថុនា ឆ្នាំមុន ត្រូវបានរាជានុម័តដោយព្រះមហាក្សត្រ ព្រះអង្គ មហា វិច្ចរ៉ាឡុងកន (Maha Vajiralongkorn) ក្នុងខែតុលា ហើយចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ (២៣ មករា) នេះ។

ច្បាប់អាពាហ៍ពិពាហ៍របស់ថៃ ដែលល្បីល្បាញពីសេរីភាពអ្នកស្រឡាញ់ភេទដូចគ្នា ឥឡូវនេះប្រើពាក្យអព្យាក្រឹតយេនឌ័រជំនួសឱ្យពាក្យ "បុរស" "ស្ត្រី" "ប្តី" និង "ប្រពន្ធ"។ ច្បាប់នេះក៏ផ្តល់សិទ្ធិស្នើសុំកូនចិញ្ចឹម និងទទួលមរតក ដល់គូស្នេហ៍ភេទដូចគ្នាជាលើកដំបូងផងដែរ។

ក្នុងអំឡុងពេលនៃការថតរូបអបអរសាទរកាលពីសប្តាហ៍មុននៅមុនពេលច្បាប់ចូលជាធរមាន នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការទទួលស្គាល់អត្តសញ្ញាណយេនឌ័រ លើសពីភេទពីកំណើត៕