ក្រសួងការបរទេសអាមេរិក បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ (២២ មករា) ដើម្បីបញ្ជាក់ឡើងវិញពីការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន ហើយភាគីទាំងពីរក៏បានពិភាក្សាពីបញ្ហាអ៊ីរ៉ង់ និងចំណាប់ថ្នូរអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ផងដែរ។

កិច្ចពិភាក្សាតាមទូរសព្ទនេះគឺជាលើកដំបូងហើយសម្រាប់លោក Rubio ជាមួយភាគីអ៊ីស្រាអែល ចាប់តាំងពីរដ្ឋបាលប្រធានាធិបតីបក្សសាធារណរដ្ឋ លោក Donald Trump ចូលកាន់តំណែងកាលពីថ្ងៃចន្ទ ២០ មករា មក។ លោក Trump និងអតីតប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក Joe Biden ជាអ្នកគាំទ្រអ៊ីស្រាអែលក្នុងអំឡុងពេលសង្គ្រាមនៅតំបន់ហ្កាហ្សា និងលីបង់។

ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Rubio បានគូសបញ្ជាក់ពី "ការបន្តគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់អាមេរិក សម្រាប់អ៊ីស្រាអែល គឺជាអាទិភាពចម្បងសម្រាប់លោក Trump"។

ទីក្រុងវ៉ាស៊ីនតោន បានរក្សាការគាំទ្ររបស់ខ្លួនក្នុងប្រតិបត្តិការយោធាអ៊ីស្រាអែល ដោយនិយាយថាខ្លួនកំពុងជួយសម្ព័ន្ធមិត្តការពារប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ រួមមានក្រុមហាម៉ាស នៅហ្កាហ្សា ក្រុមហេសបូឡានៅលីបង់ និងក្រុមឧទ្ទាមហ៊ូទី នៅយេម៉ែន៕